ព័ត៌មាន
ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ អនុញ្ញាត​ឱ្យ​ក្រុម​បេសកកម្ម​មាត្រា​ IV​ របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF)​ ដឹកនាំ​ដោយ​ លោក​ Jarkko​ Turunen​ ប្រធាន​ក្រុម​បេសកកម្ម​សម្រាប់​កម្ពុជា​ ចូល​ជួប​សម្តែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​
៣០ កញ្ញា ២០១៩

កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ ២​កើត​ ខែអស្សុជ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០១៩​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​ក្រុម​បេសកកម្ម​មាត្រា​ IV​ របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF)​ ដែល​ដឹកនាំ​ដោយ​ លោក​ Jarkko​ Turunen​ ប្រធាន​ក្រុម​បេសកកម្ម​សម្រាប់​កម្ពុជា​ ចូល​ជួប​សម្តែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ នៅ​ធនាគារជាតិ​នៃ​កម្ពុជា​។​ បេសកកម្ម​មាត្រា​ IV​ ត្រូវ​បាន​ IMF​ ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​សម្រាប់​ប្រទេស​ជា​សមាជិក​ ដើម្បី​ពិនិត្យ​និង​តាមដាន​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ និង​ផ្តល់​អនុសាសន៍​សម្រាប់​ការ​អនុវត្ត​គោលនយោបាយ​សេដ្ឋកិច្ច​។​
​ឯកឧត្តម​ ទេសាភិបាល​ បាន​ជម្រាប​ជូន​ គណៈប្រតិភូ​អំពី​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​នា​ពេល​កន្លង​មក​ ជា​ពិសេស​នៅ​ឆ្នាំ​២០១៨​ ដែល​កម្ពុជា​សម្រេច​បាន​ក្នុង​អត្រា​ ៧,៥%​។​ នៅ​ឆ្នាំ​២០១៩​ រាជរដ្ឋាភិបាល​រំពឹង​ថា​ កំណើន​នឹង​បន្ត​កើន​ក្នុង​រង្វង់​ ៧,១%​ ដែល​ជា​កម្រិត​ខ្ពស់​នៅ​ក្នុង​តំបន់​។​ ទន្ទឹម​នេះ​ ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​មាន​ស្ថិរ​ភាពល្អ​ប្រសើរ​ ដោយ​អតិផរណា​នៅ​ឆមាស​ទី​១​ មាន​អត្រា​ ១,៩%​ ហើយ​រំពឹង​ថា​មាន​កម្រិត​ ២,២%​ សម្រាប់​ឆ្នាំ​២០១៩​។​ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​ក្នុង​ស្ថានភាព​មិន​ច្បាស់លាស់​នៃ​កំណើនសេដ្ឋកិច្ច​ពិភពលោក​ ជា​ពិសេស​ការ​ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​នៃ​កំណើន​ ការ​ពង្រឹង​ការ​សម្រួល​ដល់​ការ​នាំ​ចេញ​និង​នាំ​ចូល​ និង​ការ​បង្កើន​បរិយាកាស​អំណោយផល​ដល់​ការ​វិនិយោគ​ ។​ល​។​ នៅ​ក្នុង​វិស័យ​ធនាគារ​ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​មាន​សុខភាព​ល្អ​ប្រសើរ​ និង​បាន​រួមចំណែក​គាំទ្រ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ពង្រឹង​ការ​ត្រួតពិនិត្យ​ និង​បទ​ប្បញ្ញត្តិ​ ជាមួយនឹង​ការ​ដាក់​ចេញ​ជា​បន្តបន្ទាប់​នូវ​គោលនយោបាយ​ម៉ា​ក្រូ​ប្រុង​ប្រយ័ត្ន​ ការ​បោះផ្សាយ​របាយការណ៍​ស្ថិរភាព​ហិរញ្ញវត្ថុ​ និង​ពង្រឹង​បណ្តាញ​ការពារ​ស្ថិរភាព​ធនាគារ​ឱ្យ​បាន​រឹង​មាំ​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ​។​
​ឯកឧត្តម​ ទេសាភិបាល​ ក៏​បាន​ថ្លែងអំណរគុណ​ IMF​ ដែល​បាន​គាំទ្រ​គោលនយោបាយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ ការ​ជួយ​កសាង​សមត្ថភាព​និង​ផ្តល់​ជំនួយ​បច្ចេកទេស​ដល់​កម្ពុជា​។​