ព័ត៌មាន
លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​ ធនាគារជាតិ​នៃ​កម្ពុជា​ អញ្ជើញ​ចូលរួម​ជា​វាគ្មិន​ក្នុង​កិច្ច​ពិភាក្សា​ក្រោម​ប្រធានបទ​ “​ទស្សនាទាន​នៃ​រូបិយ​វត្ថុ​ឌី​ជី​ថ​ល​”​ នៅ​ក្នុង​កម្មវិធី​ពិព័រណ៍​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​សិង្ហ​បុរី​
១២ វិចិ្ឆកា ២០១៩

នៅ​ថ្ងៃ​អង្គារ​ ១​រោច​ ខែកត្តិក​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ លោក​ជំទាវ​ ជា​ សិរី​ ឧបការី​ទេសាភិបាល​ និង​ជា​អគ្គនាយក​បច្ចេកទេស​ ធនាគារជាតិ​នៃ​កម្ពុជា​ ត្រូវ​បាន​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​ក្នុង​កិច្ច​ពិភាក្សា​ក្រោម​ប្រធានបទ​ “​ទស្សនាទាន​នៃ​រូបិយ​វត្ថុ​ឌី​ជី​ថ​ល​”​ នៅ​ក្នុង​កម្មវិធី​ពិព័រណ៍​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​សិង្ហ​បុរី​ រួម​ជាមួយនឹង​វាគ្មិន​ដែល​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ ៣​រូប​ផ្សេង​ទៀត​ រួម​មាន​ លោក​ Christian​ Catalini​ ស្ថាបនិក​នៃ​ប្រព័ន្ធ​ Libra​ របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​,​ លោក​ Mu​ Changchun​ អគ្គនាយក​នៃ​វិទ្យាស្ថាន​រូបិយ​វត្ថុ​ឌី​ជី​ថ​ល​នៃ​ធនាគារកណ្តាល​ចិន​,​ លោក​ Umar​ Farooq​ ប្រធាន​ផ្នែក​ Blockchain​ នៃ​ធនាគារ​ JP​ Morgan​។​ ក្នុង​កិច្ច​ពិភាក្សា​នេះ​ អ្នក​ទាំង​បួន​បាន​ចូលរួម​ចែករំលែក​នូវ​ទស្សន​:​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​កា​រវិ​វត្ត​នៃ​រូបិយ​វត្ថុ​ឌី​ជី​ថ​ល​ ទាំង​ក្នុង​វិស័យ​ឯកជន​និង​សាធារណៈ​ ព្រមទាំង​ឈាន​ទៅ​ដល់​ការ​ជជែក​វែកញែក​អំពី​គោលដៅ​ និង​បញ្ហា​ប្រឈម​នានា​នៅ​ក្នុង​របៀបវារៈ​នេះ​។​ ឆ្លៀត​ក្នុង​ឱកាស​នោះ​ លោក​ជំទាវ​ក៏​បាន​លើក​ឡើង​ថា​ ធនាគារជាតិ​នៃ​កម្ពុជា​គឺជា​ធនាគារកណ្តាល​ដំបូង​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ទូទាត់​បាគង​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ Blockchain​ ដើម្បី​ជំរុញ​ការ​ធ្វើ​ប្រតិបត្តិការ​ឆ្លង​គ្នា​រវាង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ សំដៅ​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​ការ​ទូទាត់​ និង​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​