ព័ត៌មាន
ធនាគារជាតិ​នៃ​កម្ពុជា​ ប្រគល់​ជូន​ប្រាក់​គំរូ​ប្រភេទ​ ១៥០០០​រៀល​ ជាមួយនឹង​ប័ណ្ណប្រកាស​ធនប័ត្រ​ ដល់​អគ្គនាយកដ្ឋាន​នយោបាយ​និង​កិច្ចការបរទេស​ក្រសួងការពារជាតិ​ សម្រាប់​ដាក់​តាំង​បង្ហាញ​នៅ​វិមាន​ឈ្នះ​-​ឈ្នះ​
០៧ វិចិ្ឆកា ២០១៩

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ១១​កើត​ ខែកត្តិក​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​០៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ តំណាង​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ប្រគល់​ជូន​ប្រាក់​គំរូ​ ប្រភេទ​ ១៥០០០​រៀល​ ជាមួយនឹង​ប័ណ្ណប្រកាស​ធនប័ត្រ​ ដល់​អគ្គនាយកដ្ឋាន​នយោបាយ​និង​កិច្ចការបរទេស​ក្រសួងការពារជាតិ​ សម្រាប់​ដាក់​តាំង​បង្ហាញ​នៅ​វិមាន​ឈ្នះ​-​ឈ្នះ​។​
​ក្រដាសប្រាក់​ ១៥០០០​រៀល​ ត្រូវ​បាន​បោះផ្សាយ​ ដើម្បី​អបអរសាទរ​ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​វិសេសវិសាល​ នៃ​ព្រះរាជ​ពិធីបុណ្យ​គម្រប់​ខួប​ ១៥​ ព្រះ​វស្សា​ នៃ​ការ​យាង​គ្រង​ព្រះ​បរម​សិរី​ រាជ្យសម្បត្តិ​នៃ​ព្រះករុណា​ ជា​អង្គ​ម្ចាស់ជីវិត​ តម្កល់​លើ​ត្បូង​ ព្រះបាទ​ សម្តេចព្រះ​ បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាទី​គោរព​ សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។​
​រូបភាព​វិមាន​ឈ្នះ​-​ឈ្នះ​ ត្រូវ​បាន​រំលេច​ឡើង​នៅ​លើ​ក្រដាសប្រាក់​ប្រភេទ​ ១៥០០០​ រៀល​ ដើម្បី​រំលឹក​ដល់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដែល​មាន​សារ​:​សំខាន់​និង​ប្រកបដោយ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ប្រជាជន​ខ្មែរ​និង​ប្រទេស​ជាតិ​ទាំងមូល​ ដែល​កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព​ពេញលេញ​ ក្រោម​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ លើស​ពី​នេះ​ ក្រដាសប្រាក់​ប្រភេទ​ ១៥០០០​ រៀល​ ក៏​រំលេច​នូវ​រូបចម្លាក់​ដំរី​ក្បាល​បី​មាន​ស្លាប​-​គ្រុឌ​-​ហង្ស​ ដែល​មាននៅ​ជ្រុង​ទាំង​បួន​នៃ​ខឿន​វិមាន​ឈ្នះ​-​ឈ្នះ​ ដែល​ជា​សិល្បៈ​វប្បធម៌​របស់​ខ្មែរ​ និង​បង្ហាញ​ពី​អនុភាព​របស់​កម្ពុជា​។​