១៥ វិចិ្ឆកា ២០១៩
លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមសន្និសីទជាន់ខ្ពស់ថ្នាក់ទេសាភិបាលស៊ាសិន លើកទី៥៥ និងកិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាល (SEACEN BOG) លើកទី៣៩ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃចន្ទ ២រោច ដល់ថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៣-១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅប្រទេសសិង្ហបុរី។ កិច្ចប្រជុំនេះត្រូវរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីឱ្យទេសាភិបាលធនាគារកណ្តាលនៃប្រទេសសមាជិកចូលរួមផ្លាស់ប្តូរបទពិសោធន៍និងយោបល់នានា ដើម្បីសម្រេចបានគោលដៅរក្សាកំណើន និងស្ថិរភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សន្និសីទនិងកិច្ចប្រជុំខាងលើបានពិភាក្សាអំពី៖ ការទទួលយកនូវនវានុវត្តន៍, ការចូលរួមនៃប្រាជ្ញាសិប្បនិម្មិត (AI) ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជាដើម។ ជាមួយគ្នានេះ លោកជំទាវ ទេសាភិបាលរង ក៏ដូចជាទេសាភិបាលនៃប្រទេសអាស៊ាន ក៏ត្រូវបានផ្តល់កិត្តិយសអញ្ជើញឱ្យចូលជួបសំណេះសំណាលជាមួយម្ចាស់ក្សត្រី Màxima នៃប្រទេសហូឡង់ ដែលជាអ្នកតស៊ូមតិពិសេសសម្រាប់ការអភិវឌ្ឍប្រកបដោយបរិយាបន្នរបស់លេខាធិការដ្ឋានអង្គការសហប្រជាជាតិផងដែរ។
លោកជំទាវ ទេសាភិបាលរង និងគណៈប្រតិភូក៏បានចូលរួមកម្មវិធីពិព័រណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី លើកទី៤ ដែលត្រូវបានរៀបចំឡើងដោយមានការចូលរួមពីប្រតិភូប្រមាណ ៥៧.០០០រូប មកពីស្ទើរតែគ្រប់ប្រទេសទូទាំងពិភពលោក និងក្នុងគោលបំណងផ្តល់ជាវេទិកាពិភាក្សាដល់ធនាគារកណ្តាលក្នុងតំបន់ ជំនាញការ អ្នករៀបចំគោលនយោបាយ អ្នកសិក្សាស្រាវជ្រាវ វិនិយោគិន និងភាគីពាក់ព័ន្ធ អំពីការអភិវឌ្ឍថ្មីៗនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ។ កម្មវិធីនេះក៏មានការដាក់បង្ហាញនូវផលិតផល និងបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗនៅក្នុងតំបន់ផងដែរ។ ក្នុងកម្មវិធីនាឆ្នាំនេះ ធនាគារជាតិនៃកម្ពុជាក៏ត្រូវបានអញ្ជើញឱ្យចូលរួមដាក់ស្តង់ពិព័រណ៌នៅក្នុងតំបន់ “Regulators Zone” សម្រាប់ផ្តល់ជាវេទិកាដល់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាចទទួលបានព័ត៌មានពាក់ព័ន្ធនឹងច្បាប់និងបទប្បញ្ញត្តិក្នុងការធ្វើធុរកិច្ចក្នុងវិស័យធនាគារនិងទូទាត់នៅកម្ពុជា។ លើសពីនេះ មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាក៏ត្រូវបានអញ្ជើញឱ្យធ្វើជាវាគ្មិនចែករំលែកបទពិសោធន៍លើប្រធានបទស្តីពី “ទស្សនាទាននៃរូបិយវត្ថុឌីជីថល” នៅក្នុងកម្មវិធីពិព័រណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី រួមជាមួយនឹងវាគ្មិនដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ៣រូបផ្សេងទៀត។