ព័ត៌មាន
សិក្ខាសាលា​ថ្នាក់​ស្រុក​ ស្តី​ពី​ “​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​”​
១៨ វិចិ្ឆកា ២០១៩

នា​ព្រឹក​ថ្ងៃ​ចន្ទ​ ៧​រោច​ ខែកត្តិក​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.​ ២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ដោយ​បាន​ទទួល​ការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ ឯកឧត្តម​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ លោក​ គិត​ សុ​វ​ណ្ណា​រិ​ទ្ធ​ អគ្គនាយករង​ត្រួតពិនិត្យ​ទី​១​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ដឹកនាំ​ក្រុមការងារ​ សហការ​ជាមួយ​សាលាស្រុក​ស្ទោង​ នៃ​ខេត្តកំពង់ធំ​ រៀបចំ​សិក្ខាសាលា​ថ្នាក់​ស្រុក​ ស្តី​ពី​ “​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​”​។​ សិក្ខាសាលា​នេះ​មានការ​ចូលរួម​ពី​ លោក​ ណែ​ត​ សារី​ អភិបាល​នៃ​គណៈ​អភិបាលស្រុក​ស្ទោង​ និង​ លោក​ ដុស​ ឌី​ន​ សមាជិក​ក្រុមប្រឹក្សាភិបាល​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ ព្រមទាំង​ ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ មន្ត្រី​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​ អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ស្ទោង​ និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​ស្ទោង​ ចំនួន​ប្រមាណ​ ៦០០​នាក់​។​ សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ទ្បើ​ង​ក្នុង​គោលបំណង​ ១/-​ ផ្សព្វផ្សាយ​អំពី​ប្រវត្តិ​នៃ​ការ​អភិវឌ្ឍ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ២/-​ ច្បាប់​និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នានា​ ៣/-​ សេវាកម្ម​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ដែល​មាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​ ៤/-​ បញ្ហា​ប្រឈម​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ៥/-​ ស្វែងរក​ដំណោះស្រាយ​ និង​ឆ្លើយ​តប​សំណូមពរ​ របស់​ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​មូលដ្ឋាន​ ចំពោះ​ការ​ប្រើប្រាស់​សេវាកម្ម​មីក្រូហិរញ្ញវត្ថុ​។​ លើស​ពី​នេះ​ សិក្ខាសាលា​បាន​បង្កើន​ទំនាក់ទំនង​និង​កិច្ចសហការ​ល្អ​ រវាង​អាជ្ញាធរ​មូលដ្ឋាន​និង​ភាគី​ពាក់ព័ន្ធ​នានា​ ជា​ពិសេស​ ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា​ ដើម្បី​បន្ត​ក្តាប់​ឱ្យ​បាន​នូវ​ស្ថានភាព​ជាក់ស្តែង​របស់​ប្រជាជន​ ការ​ប្រើប្រាស់​សេវា​មីក្រូហិរញ្ញវត្ថុ​ និង​ធ្វើ​យ៉ាងណា​បញ្ចៀស​ការ​កេងប្រវ័ញ្ច​តាម​រយៈ​ការ​ប្រើប្រាស់​សេវា​កម្ចី​ដែល​មិន​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​។​