ព័ត៌មាន
កិច្ចប្រជុំ​គណៈកម្មាធិការ​ជាន់ខ្ពស់​អាស៊ាន​ នៅ​ខេត្តសៀមរាប​
២៥ តុលា ២០១៩

នៅ​ថ្ងៃ​សុក្រ​ ១២​រោច​ ខែអស្សុជ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០១៩​ លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ និង​ ឯកឧត្តម​ Abdul​ Rasheed​ Ghaffour​ ទេសាភិបាល​រង​ ធនាគារកណ្តាល​ម៉ា​ឡេ​ស៊ី​ ដែល​ជា​សហ​ប្រធាន​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាន់ខ្ពស់​អាស៊ាន​ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាន់ខ្ពស់​អាស៊ាន​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ខេត្តសៀមរាប​។​ កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​តំណាង​ជាន់ខ្ពស់​របស់​ធនាគារកណ្តាល​នៃ​ប្រទេស​សមាជិក​អាស៊ាន​ និង​សហ​ប្រធាន​នៃ​គណៈកម្មាធិការ​ដែល​ស្ថិត​ក្រោម​ SLC​ និង​បាន​ពិភាក្សា​លើ​ i/-​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ក្នុង​តំបន់​ ii/-​ គំនិត​ផ្តួចផ្តើម​ជា​គន្លឹះ​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​វិស័យ​ហិរញ្ញវត្ថុ​ iii/-​ ភាព​ធន់​ និង​ប្រព័ន្ធ​បែង​ចែង​ព័ត៌មាន​ cybersecurity​ របស់​អាស៊ាន​ និង​ iv/-​ តួនាទី​របស់​ធនាគារកណ្តាល​អាស៊ាន​ក្នុង​ការ​លើកកម្ពស់​ចីរភាព​នៃ​វិស័យសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​អាស៊ាន​។​ កិច្ចប្រជុំ​នេះ​ក៏​មានការ​ចូលរួម​ធ្វើ​បទ​បង្ហាញ​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ និង​ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​ (AMRO)​ លើ​ប្រធានបទ​ស្តី​ពី​ហានិភ័យ​ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​និង​បរិ​ដ្ឋា​ន​៖​ ឥទ្ធិពល​មក​លើ​វិស័យ​ហិរញ្ញវត្ថុ​និង​តួនាទី​របស់​អាជ្ញាធរ​ និង​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​ ជា​លទ្ធផល​ កិច្ចប្រជុំ​បាន​ពិនិត្យ​ឃើញ​ថា​ កំណើនសេដ្ឋកិច្ច​របស់​តំបន់​អាស៊ាន​មានការ​ថមថយ​ ដោយសារ​កត្តា​ខាងក្រៅ​មួយ​ចំនួន​ដូច​ជា​ ការ​ចាកចេញ​របស់​ចក្រភព​អង់គ្លេស​ ជាដើម​។​ ចំពោះ​ការ​អនុវត្ត​ការ​ធ្វើ​សមាហរណកម្ម​វិស័យ​ហិរញ្ញវត្ថុ​អាស៊ាន​ គណៈកម្មាធិការ​នៃ​វិស័យ​នេះ​ភាគច្រើន​បាន​សម្រេច​តាម​ផែនការ​គោលដៅ​ដែល​បាន​គ្រោងទុក​ក្នុង​រយៈពេល​កន្លង​មក​ និង​បាន​កំណត់​រួចរាល់​ផង​ដែរ​នូវ​ការងារ​អាទិភាព​ក៏​ដូច​ជា​សូចនាករ​វាស់វែង​វឌ្ឍនភាព​សម្រាប់​ឆ្នាំ​២០១៩​នេះ​។​