ព័ត៌មាន
សិក្ខាសាលា NBC-ADBI-OECD ថ្នាក់តំបន់ ស្តីពី "តួនាទីនៃចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជនក្នុងការគាំទ្របរិយាបន្នហិរញ្ញវត្ថុ"
២២ វិចិ្ឆកា ២០១៩

ធនាគារជាតិនៃកម្ពុជាបានសហការជាមួយ វិទ្យាស្ថានធនាគារអភិវឌ្ឍន៍អាស៊ី (ADBI) និងអង្គការដើម្បីអភិវឌ្ឍន៍និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) រៀបចំសិក្ខាសាលា NBC-ADBI-OECD ថ្នាក់តំបន់ ស្តីពី “តួនាទីនៃចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងកិច្ចការពារអតិថិជនក្នុងការគាំទ្របរិយាបន្នហិរញ្ញវត្ថុ” នៅថ្ងៃព្រហស្បតិ៍ ១០រោច និងសុក្រ ១១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសិក្ខាកាមជាតិមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍នានា និងវាគ្មិនជាតិនិងអន្តរជាតិសរុបប្រមាណ ១១០នាក់។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ១/- ចែករំលែកចំណេះដឹង បញ្ហាប្រឈម និងឧត្តមានុវត្តភាពនៃការអនុវត្ត ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ តាមរយៈការរៀបចំនិងអនុវត្តគោលនយោបាយចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងកិច្ចការពារអតិថិជនប្រកបដោយប្រសិទ្ធភាព ២/- ពិភាក្សានិងវាយតម្លៃយុទ្ធសាស្ត្របរិយាបន្នហិរញ្ញវត្ថុ និង ៣/- ពិភាក្សាអំពីវិធីសាស្រ្តនៃការអនុវត្តក្នុងការលើកកម្ពស់និងផ្សព្វផ្សាយអំពីការអប់រំផ្នែកហិរញ្ញវត្ថុឱ្យបានទូលំទូលាយដល់ក្រុមគោលដៅ។