២៧ វិចិ្ឆកា ២០១៩
នាព្រឹកថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីស្តីពី ស្ត្រីនិងហិរញ្ញវត្ថុ ក្រោមកិច្ចសហការរវាងធនាគារប្រៃសណីយ៍កម្ពុជា ក.អ និង ស្ថាប័ន World Savings Banks Institute (WSBI) នៅសណ្ឋាគារអូឡាំព្យាស៊ីធី រាជធានីភ្នំពេញ។ វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តោតលើការពិភាក្សាអំពីបរិយាប័ន្នហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់តម្លៃស្ត្រីក្នុងវិស័យហិរញ្ញវត្ថុ និងបញ្ហាវិសមភាពយេនឌ័រ តាមរយៈយុទ្ធសាស្ត្រគោលនយោបាយ បច្ចេកវិទ្យា និងការអប់រំផ្នែកហិរញ្ញវត្ថុ ដែលអាចជួយឱ្យសម្រេចបានសមភាពយេនឌ័រ និងកាត់បន្ថយអត្រាស្ត្រីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ដែលនេះជាផ្នែកមួយនៃយុទ្ធសាស្ត្រជាតិស្តីពី បរិយាប័ន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥។