ព័ត៌មាន
ប័ណ្ណប្រកាស ក្រដាសប្រាក់គំរូថ្មី ប្រភេទ ១០០០០០ រៀល
០៩ ឧសភា ២០១៣

ដើម្បី​ចូលរួម​អបអរសាទរ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ ​ ព្រះករុណា​ ព្រះបាទ​សម្ដេច​ ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ ក្នុង​គម្រប់​ព្រះ​ជន្មាយុ​ ៦០​ យាង​ចូល​ ៦១​ ព្រះ​វស្សា​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៣-១៤-១៥​ ខែឧសភា​ ឆ្នាំ​២០១៣​ ខាង​មុខ​នេះ​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា​ បោះផ្សាយ​ ដាក់​ឱ្យ​ចរាចរ​ និង​ប្រើប្រាស់​នូវ​ធនប័ត្រ​ ប្រភេទ​ ១០០០០០​ រៀល​ គំរូ​ថ្មី​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

     ធនប័ត្រ​ប្រភេទ​ ១០០០០០​ រៀល​ គំរូ​ថ្មី​នេះ​ នៅ​ផ្ទៃ​ខាង​មុខ​មាន​រំលេច​ឡើង​នូវ​រូបភាព​ ព្រះ​ឆាយាល័ក្ខណ៍​នៃ​អតីត​ព្រះមហាក្សត្រ​ ​ ព្រះ​បរម​រតន​កោដ្ឋ​ និង​ សម្តេចព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហ​នុ​ ​ មើល​ពីមុខ​បញ្ឆិត​ចំហៀង​ខាងឆ្វេង​ ព្រមទាំង​មាន​រូបភាព​នាគ​ក្បាល​ ៩​ ដែល​យក​គំរូ​តាម​រូបចម្លាក់​ថ្ម​នៅ​ស្ពាន​កំពង់ក្តី​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ ក្នុង​ខេត្តសៀមរាប​ ។​ នៅ​ផ្ទៃ​ខាង​ខ្នង​ ផ្នែក​កណ្ដាល​នៃ​ធនប័ត្រ​នេះ​ មាន​រំលេច​រូបភាព​ព្រះ​ឆាយាល័ក្ខណ៍​នៃ​អតីត​ ព្រះមហាក្សត្រ​ ​ ព្រះ​បរម​រតន​កោដ្ឋ​ និង​ សម្តេចព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហ​នុ​ ព្រមទាំង​ ព្រះករុណា​ ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ ហើយ​នៅ​ផ្នែក​ខាងស្តាំ​ មាន​រូបភាព​ស្តេច​គ្រុឌ​ឈរ​សម្តែង​ឫទ្ធ​ ដែល​យក​គំរូ​តាម​រូបចម្លាក់​ថ្ម​ នៅ​ប្រាសាទព្រះខ័ន​ ក្នុង​ខេត្តសៀមរាប​ ។​