ព័ត៌មាន
សិក្ខាសាលា​ចែករំលែក​បទ​ពិសោធន៍​ស្តី​ពី​ យុទ្ធសាស្ត្រ​ផ្នែក​ទំនាក់ទំនង​
០៣ ធ្នូ ២០១៩

នៅ​ថ្ងៃ​អង្គារ​ ៧​កើត​ ខែ​មិគសិរ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​២០១៩​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​រៀបចំ​សិក្ខាសាលា​ចែករំលែក​បទ​ពិសោធន៍​ស្តី​ពី​ យុទ្ធសាស្ត្រ​ផ្នែក​ទំនាក់ទំនង​ ក្រោម​អធិបតីភាព​របស់​ លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ និង​លោក​ជំទាវ​ Chantavarn​ Sucharitakul​ ឧបការី​ទេសាភិបាល​នៃ​ធនាគារកណ្តាល​ថៃ​។​ សិក្ខាសាលា​នេះ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​និង​មន្ត្រី​-​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​សុទ្ធតែ​ជា​មន្ត្រី​ទំនាក់ទំនង​នៃ​នាយកដ្ឋាន​និង​អគ្គនាយកដ្ឋាន​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ប្រមាណ​ ៤០​នាក់​ និង​មាន​គោលបំណង​បង្កើន​ការ​យល់​ដឹង​ និង​ចែករំលែក​យុទ្ធសាស្ត្រ​ បទ​ពិសោធន៍​ និង​ការ​អនុវត្ត​ពាក់ព័ន្ធ​នឹង​ផ្នែក​ទំនាក់ទំនង​ទាំង​ខាងក្នុង​និង​ខាងក្រៅ​របស់​ធនាគារកណ្តាល​ថៃ​ ព្រមទាំង​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​និង​អនុសាសន៍​ដ៏​មាន​សារៈសំខាន់​មួយ​ចំនួន​។​

​លោក​ជំទាវ​ ឧបការី​ទេសាភិបាល​នៃ​ធនាគារកណ្តាល​ថៃ​ បាន​លើក​ឡើង​ថា​ ក្រៅពី​ការ​អនុវត្ត​មុខងារ​ស្នូល​ ធនាគារកណ្តាល​ក៏​មាន​តួនាទី​ស្តាប់​មតិ​ពី​ភាគី​ពាក់ព័ន្ធ​នៅ​មុន​ពេល​និង​ក្រោយ​ពេល​ដាក់​ចេញ​គោលនយោបាយ​ថ្មី​ និង​ត្រូវ​បកស្រាយ​ពី​គោលបំណង​និង​មូលហេតុ​ចំពោះ​ការ​សម្រេចចិត្ត​នោះ​ ដើម្បី​ធានា​ឱ្យ​បាន​នូវ​តម្លាភាព​និង​សេចក្តី​ទុកចិត្ត​របស់​សាធារណជន​ និង​កាត់​បន្ថយ​ការ​យល់​ខុស​នានា​ដែល​អាច​កើតឡើង​។​