២៩ វិចិ្ឆកា ២០១៩
នាថ្ងៃព្រហស្បតិ៍ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឲ្យគណៈប្រតិភូក្រុមប្រឹក្សាភិបាលរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ដែលដឹកនាំដោយ Datuk Mohd Nasir Bin Ahmad ប្រធានក្រុមប្រឹក្សាភិបាល ដើម្បីចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាព និងផែនការអាជីវកម្មរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី។ នៅក្នុងកិច្ចជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាលរបស់ធនាគារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារជាតិនៃកម្ពុជាដែលបានគាំទ្រដល់ប្រតិបត្តិការរបស់ធនាគារ និងសន្យាខិតខំពង្រឹងនិងពង្រីកសកម្មភាពរបស់ខ្លួនក្នុងការចូលរួមកសាងប្រព័ន្ធធនាគារឲ្យបានរឹងមាំ និងជំរុញកំណើនសេដ្ឋកិច្ចជាមួយរាជរដ្ឋាភិបាល។ លោកជំទាវទេសាភិបាលរង បានសាទរនឹងលទ្ធផលរីកចម្រើនរបស់ធនាគារដែលទទួលបានកន្លងមក និងរំពឹងថាធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី នឹងបន្តកំណើននេះកាន់តែខ្លាំងជាងមុន និងស្នើឲ្យធនាគារចូលរួមចំណែកបន្ថែមក្នុងការអភិវឌ្ឍបរិយាប័ន្នហិរញ្ញវត្ថុពិសេសផ្តល់លទ្ធភាពដល់ប្រជាជនដែលនៅទីជនបទ និងស្ត្រីដើម្បីទទួលបាននូវសេវាហិរញ្ញវត្ថុ។
