ព័ត៌មាន
លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ ដើម្បី​ស្តាប់​លទ្ធផល​បឋម​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ ដោយ​លោក​ Daiju​ Aiba​ នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ JICA​
០៦ ធ្នូ ២០១៩

នា​ព្រឹក​ថ្ងៃ​សុក្រ​ ១០​កើត​ ខែ​មិគសិរ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​៦​ ខែធ្នូ​ ឆ្នាំ​២០១៩​ លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ ដើម្បី​ស្តាប់​លទ្ធផល​បឋម​នៃ​ការ​សិក្សា​ស្រាវជ្រាវ​លើ​ផល​ប៉ះពាល់​នៃ​គោលនយោបាយ​ការ​កំណត់​ពិ​ដាន​អត្រា​ការ​ប្រាក់​ ដោយ​លោក​ Daiju​ Aiba​ នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ JICA​។​ ការ​សិក្សា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ទិន្នន័យ​ផ្នែក​ផ្គត់ផ្គង់​ ដែល​ផ្តល់​ដោយ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ និង​ការ​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ព្រមទាំង​ទិន្នន័យ​ផ្នែក​តម្រូវការ​ ដែល​បាន​មក​ពី​ការ​សម្ភាសន៍​អតិថិជន​ចំនួន​ ១.០០០​នាក់​ ក្នុង​ខេត្ត​ចំនួន​ ៥​ មាន​ដូច​ជា​ បាត់ដំបង​ កណ្តាល​ កំពង់ស្ពឺ​ កំពត​ និង​ក្រចេះ​ ក្នុង​ខែសីហា​-​កញ្ញា​ ឆ្នាំ​២០១៩​។​ លទ្ធផល​បឋម​បង្ហាញ​ថា​ ពិ​ដាន​អត្រា​ការ​ប្រាក់​មាន​ឥទ្ធិពល​ដល់​ឥណទាន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ក្នុង​នោះ​ទំហំ​ឥណទាន​ជា​មធ្យម​មានការ​កើនឡើង​ ចំណែក​ចំនួន​អ្នក​ខ្ចីប្រាក់​បាន​ថយ​ចុះ​។​ អង្គប្រជុំ​បាន​ទទួល​ធាតុ​ចូលរួម​មួយ​ចំនួន​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​និង​អ្នកចូលរួម​ ដើម្បី​ពង្រីក​ការ​សិក្សា​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ ក្នុង​គោលបំណង​ដាក់​ចេញ​នូវ​គោលនយោបាយ​សម​ស្រប​នា​ពេល​អនាគត​។​