០៩ ធ្នូ ២០១៩
នាថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក John Owens ជំនាញការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្រោមគម្រោង MBI ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីវឌ្ឍនភាពបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។ ក្នុងកិច្ចជំនួបនេះបានពិភាក្សាលើការរៀបចំក្របខ័ណ្ឌសម្រាប់គ្រប់គ្រង និងអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងផ្នែកទូទាត់ដោយផ្ដោតលើចំណុចសំខាន់ៗចំនួន៤ គឺ៖ i/-ការរៀបចំផែនទីមគ្គុទ្ទេសក៍បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech Roadmap) ii/-ការរៀបចំគោលការណ៍ណែនាំសាកល្បងអនុវត្តបច្ចេកវិទ្យាហិរញ្ញវត្ថុ (Sandbox) iii/- ការរៀបចំបទប្បញ្ញត្តិស្តីពី Market Place Lending Platform (Regulation on Market Lending Platform) និង iv/-ការរៀបចំគោលការណ៍ណែនាំពាក់ព័ន្ធនឹង RegTech និង SupTech (Regtech and SupTech Guideline)។ ជាកិច្ចបញ្ចប់ លោកជំទាវ ទេសាភិបាលរងបានថ្លែងអំណរគុណ និងផ្តល់នូវអនុសាសន៍បន្ថែម ដើម្បីឱ្យការរៀបចំផែនទីមគ្គុទ្ទេសក៍នេះ មានវិសាលភាពទូលំទូលាយ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព សំដៅរក្សាបានស្ថិរភាពហិរញ្ញវត្ថុ និងជំរុញដល់បរិយាបន្នហិរញ្ញវត្ថុ។