០៩ ធ្នូ ២០១៩
នៅថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Vassili Prokopenko សេដ្ឋវិទូជាន់ខ្ពស់នៃនាយកដ្ឋានទីផ្សារទុននិងរូបិយវត្ថុរបស់ IMF ចូលជួបសម្តែងការគួរសម និងណែនាំលោក Clemens Bonner ជំនាញការផ្នែកស្ថិរភាពហិរញ្ញវត្ថុ ដល់ធនាគារជាតិនៃកម្ពុជា។ ឯកឧត្តម ទេសាភិបាល បានស្វាគមន៍និងថ្លែងអំណរគុណ IMF ដែលបានបន្តផ្តល់ជំនួយបច្ចេកទេសមកធនាគារជាតិនៃកម្ពុជាក្នុងការអភិវឌ្ឍវិស័យធនាគារឱ្យមានការរីកចម្រើននិងរឹងមាំដូចពេលបច្ចុប្បន្ន។ IMF បានយកចិត្តទុកដាក់លើស្ថិរភាពហិរញ្ញវត្ថុនេះបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុសកលមក ដោយសារតែស្ថិរភាពហិរញ្ញវត្ថុពិតជាមានសារៈសំខាន់ណាស់ចំពោះវិស័យហិរញ្ញវត្ថុនិងសេដ្ឋកិច្ចទាំងមូល។ លោក Clemens Bonner នឹងចាប់ផ្ដើមបេសកកម្មរបស់លោកនៅដើមឆ្នាំ២០២០ខាងមុខនេះ ដើម្បីពង្រឹងបន្ថែមទៀតនូវជំនាញសមត្ថភាពរបស់មន្ត្រីធនាគារជាតិនៃកម្ពុជាក្នុងការតាមដាន វិភាគ និងអនុវត្តគោលនយោបាយម៉ាក្រូប្រុងប្រយ័ត្តនានាប្រកបដោយប្រសិទ្ធភាព។