១០ ធ្នូ ២០១៩
នាថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព. ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនែកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងសន្និសីទអន្តរជាតិស្តីពី “អភិបាលកិច្ច ហានិភ័យ និងការគ្រប់គ្រងនៅយុគសម័យដែលបច្ចេកវិទ្យាកំពុងវិវត្តលឿនជាងធុរកិច្ច“ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ សន្និសីទនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងធនាគារកណ្តាលម៉ាឡេស៊ីនិងធនាគារពិភពលោក ក្នុងគោលបំណងផ្តល់ឱកាសដល់អ្នកចូលរួម ពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនឹង ១/- និន្នាការពិភពលោក ២/- នវានុវត្តន៍បែបឌីជីថល និង ៣/- បញ្ហាប្រឈមនិងដំណោះស្រាយនានានៅក្នុងបរិបទនៃអភិបាលកិច្ច ការគ្រប់គ្រងហានិភ័យ និងការធ្វើសវនកម្ម។ ក្នុងឱកាសនោះ លោកជំទាវបានធ្វើការចែករំលែកបទពិសោធន៍លើប្រធានបទស្តីពី “ការអភិវឌ្ឍនវានុវត្តន៍ឌីជីថលនិងផលប៉ះពាល់ចំពោះនិយ័តករ“ ដោយផ្តោតសំខាន់ទៅលើការអភិវឌ្ឍប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជា ដល់អ្នកចូលរួមប្រមាណជាង ២០០នាក់ មកពីស្ថាប័នចំនួន២៨នៃប្រទេសចំនួន១០ ដែលរួមមាន ធនាគារកណ្តាល និយ័តករហិរញ្ញវត្ថុ និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ។