១១ ធ្នូ ២០១៩
នាថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Vassili Prokopenko អ្នកសេដ្ឋកិច្ចជាន់ខ្ពស់ ផ្នែកផ្តល់ជំនូយបច្ចេកទេសរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ កិច្ចប្រជុំនេះបានពិភាក្សាលើការរៀបចំរចនាសម្ព័ន្ធច្បាប់ស្តីពីដំណោះស្រាយបញ្ហាធនាគារ និងច្បាប់ស្តីពីការការពារប្រាក់បញ្ញើអតិថិជន ដោយផ្ដោតលើចំណុចសំខាន់ៗចំនួនបីគឺ៖ ១/-ការរៀបចំសេចក្តីព្រាងនៃច្បាប់ទាំងពីរ ២/-ការស្នើសុំជំនួយបច្ចេកទេស ក្នុងការបំពេញបេសកកម្មក្នុងការផ្តល់អនុសាសន៍លើសេចក្តីព្រាងច្បាប់ និងការបណ្តុះបណ្តាលមន្ត្រីបុគ្គលិក និង ៣/- ការរៀបចំសិក្ខាសាលាផ្សព្ធផ្សាយជូនដល់ភាគីពាក់ព័ន្ធ ។ ជាកិច្ចបញ្ចប់ លោកជំទាវ ទេសាភិបាលរងបានថ្លែងអំណរគុណ ដល់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានគាំទ្រផ្នែកបច្ចេកទេស ដើម្បីចូលរួមចំណែកដល់ការរក្សាបានស្ថិរភាពហិរញ្ញវត្ថុ និងជំរុញដល់កិច្ចការពារអតិថិជន។