១៣ ធ្នូ ២០១៩
បន្ទាប់ពីការអនុវត្តផែនការសកម្មភាពនៃអនុកម្មវិធីទី២ នៃកម្មវិធីអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រដោយបរិយាបន្ន (IFSD) ត្រូវបានបញ្ចប់ដោយជោគជ័យ ក្រុមការងារធនាគារជាតិនៃកម្ពុជា ដឹកនាំដោយលោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានជួបពិភាក្សាជាមួយក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី ដឹកនាំដោយលោកស្រី Benita Ainabe ជំនាញការផ្នែកវិស័យហិរញ្ញវត្ថុ នៅធនាគារជាតិនៃកម្ពុជា កាលពីព្រឹកថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។ កិច្ចប្រជុំបានពិភាក្សាលើការផែនការសកម្មភាព និងការផ្តល់ជំនួយបច្ចេកទេសសម្រាប់ការអនុវត្តផែនការសកម្មភាពនៃអនុកម្មវិធីទី៣ (២០១៩-២០២១) នៃកម្មវិធី IFSD ដែលផ្តោតលើការពង្រឹងនិងលើកកម្ពស់ បច្ចេកវិទ្យាហិរញ្ញវត្ថុ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។