១៦ មករា ២០២០
នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសន្ទរកថាអបអរសាទរនៅក្នុងកម្មវិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រឆ្នាំទី៣នៃកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ Maybank Cashville Kidz របស់មូលនិធិ ធនាគារ មេយប៊ែង នៅអាគារមេយប៊ែង រាជធានីភ្នំពេញ។ លោកជំទាវ អគ្គនាយកបច្ចេកទេសបានសម្ដែងការអបអរសាទរចំពោះមូលនិធិមេយប៊ែង និងធនាគារមេយប៊ែងកម្ពុជាសម្រាប់ការបង្កើតឱ្យមានកម្មវិធីបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ Cashville Kidz ដោយគិតមកដល់ពេលនេះ សិស្សានុសិស្ស ១៥.៣៥៩ នាក់ទទួលបានការបណ្ដុះបណ្ដាលចំណេះដឹងផ្នែកហិរញ្ញវត្ថុពី Cashville Kidz។ ការបង្កើតឱ្យមានកម្មវិធីបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុខាងលើនេះ ពិតជាបានចូលរួមចំណែកកសាងធនធានមនុស្សនៅកម្ពុជា ជាពិសេសកុមារា កុមារី ដែលជាទំពាំងស្នងឬស្សី ឱ្យបានយល់ដឹងអំពីចំណេះដឹងផ្នែកហរិញ្ញវត្ថុ ដែលអាចជួយបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះអំពីការប្រើប្រាស់សេវាហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ។