ព័ត៌មាន
លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ Lamfalussy​ Award​ Dinner​ ក្នុង​សន្និសីទ​ Lamfalussy​ នៅ​ប្រទេស​ហុង​គ្រី​
២០ មករា ២០២០

នៅ​​ថ្ងៃអាទិត្យ​ ១០​រោច​ ដល់​ថ្ងៃ​ចន្ទ​ ១១​រោច​ ខែបុស្ស​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.​ ២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៩-២០​ ខែមករា​ ឆ្នាំ​២០២០​ លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ ត្រូវ​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ Lamfalussy​ Award​ Dinner​ និង​បាន​ថ្លែង​សុន្ទរកថា​លើ​ប្រធានបទ​ ស្តី​ពី​ “Maintaining​ Convergence​ in​ a​ Changing​ World:​ In​ Asia”​ ក្នុង​សន្និសីទ​ Lamfalussy​ នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉ែស​ ប្រទេស​ហុង​គ្រី​។​ កម្មវិធី​នេះ​គឺជា​សន្និសីទ​ប្រចាំឆ្នាំ​លើក​ទី​ ៧​ ដែល​ជា​វេទិកា​ដ៏​សំខាន់​មួយ​សម្រាប់​ទេសាភិបាល​ធនាគារកណ្តាល​ សេដ្ឋវិទូ​ល្បីៗ​ និង​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ ធ្វើការ​ជជែក​ពិភាក្សា​អំពី​បញ្ហា​បន្ទាន់​ផ្សេងៗ​ និង​ប្រធានបទ​នានា​ទាក់ទង​នឹង​គោលនយោបាយ​សេដ្ឋកិច្ច​ពិភពលោក​។​ នៅ​ក្នុង​សុន្ទរកថា​នោះ​ផង​ដែរ​ លោក​ជំទាវ​បាន​លើក​ឡើង​អំពី​ចំណុច​សំខាន់ៗ​ចំនួន​ ៤​ គឺ​ ១/-​ ការ​អនុម័ត​តាម​បែបបទ​អន្តរជាតិ​គប្បី​ត្រូវ​ធ្វើការ​ពិចារណា​លើ​ស្ថានភាព​ក្នុងស្រុក​ ២/-​ ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចជាតិ​ដើម្បី​រក្សា​ភាព​ធន់​នឹង​ការ​ប៉ះទង្គិច​ខាងក្រៅ​ ៣/-​ ការ​ពង្រឹង​អភិបាលកិច្ច​ស្ថាប័ន​ តម្លាភាព​ និង​ប្រព័ន្ធ​អប់រំ​ដោយ​ប្រើប្រាស់​នវានុវត្តន៍​បច្ចេកវិទ្យា​ និង​ ៤/-​ ការ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ដោយ​រក្សា​តុល្យភាព​រវាង​កំណើនសេដ្ឋកិច្ច​និង​ការ​អភិរក្ស​បរិស្ថាន​។​