ព័ត៌មាន
ការ​ប្រឡង​លើក​ទី​២៧​ តាម​ប្រព័ន្ធ​អន​ឡាញ​ សម្រាប់​វគ្គ​ FSI​ Connect​
២៨ មករា ២០២០

កាលពី​ថ្ងៃ​អង្គារ​ ៤​កើត​ ខែមាឃ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.​ ២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០២០​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​រៀបចំ​ការ​ប្រឡង​លើក​ទី​២៧​ តាម​ប្រព័ន្ធ​អន​ឡាញ​ សម្រាប់​វគ្គ​ FSI​ Connect​ ដោយ​មានការ​ត្រួតពិនិត្យ​ផ្ទាល់​ដោយ​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​។​ សិក្ខាកាម​ចូលរួម​ក្នុង​ការ​ប្រឡង​នេះ​មាន​ចំនួន​ ៧១​រូប​ ដែល​ក្នុង​នោះ​ មាន​មន្ត្រី​ចំនួន​ ២​រូប​ បាន​បញ្ចប់​កម្រិត​ខ្ពស់​ មន្ត្រី​ចំនួន​ ១៣​រូប​ បញ្ចប់​កម្រិត​មធ្យម​ និង​ ២​រូប​បញ្ចប់​កម្រិត​បឋម​។​ វគ្គ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​ស្ថិរភាព​ហិរញ្ញវត្ថុ​អន្តរជាតិ​ នៃ​ធនាគារ​សម្រាប់​ការ​ទូទាត់​អន្តរជាតិ​ (Bank​ for​ International​ Settlement​ -​ BIS)​ ដែល​មាន​ស្នាក់​ការ​កណ្តាល​នៅ​ប្រទេស​ស្វ៊ី​ស​ ហើយ​មាន​ធនាគារកណ្តាល​ និង​ស្ថាប័នហិរញ្ញវត្ថុ​សាធារណៈ​ជាង​៣០០​ នៅ​លើ​ពិភពលោក​។​ គួរ​បញ្ជាក់​ថា​ វគ្គ​សិក្សា​ NBC-FSI​ Connect​ ជា​វគ្គ​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អន​ឡាញ​ ក្នុង​កម្មវិធី​អភិវឌ្ឍន៍​សមត្ថភាព​ធនធានមនុស្ស​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ការ​ផ្តួចផ្តើម​របស់​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ ក្នុង​គោលបំណង​ដើម្បី​ធ្វើ​ឯកទេស​កម្ម​ផ្នែក​ត្រួតពិនិត្យ​ធនាគារ​ ដើម្បី​ឆ្លើយ​តប​ទៅ​តាម​ការ​ប្រែប្រួល​នៃ​និម្មាបនកម្ម​ហិរញ្ញវត្ថុ​និង​និយាម​អន្តរជាតិ​ និង​សម័យកាល​រីក​ចម្រើន​នៃ​ប្រព័ន្ធ​ធនាគារ​នា​ពេល​បច្ចុប្បន្ន​។​