២៩ មករា ២០២០
នៅថ្ងៃពុធ ៥កើត និងព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩-៣០ ខែមករា ឆ្នាំ២០២០ នៅខេត្តសៀមរាប ធនាគារជាតិនៃកម្ពុជា អគ្គលេខាធិការដ្ឋានអាស៊ាន (ASEAN Secretariat) និងអង្គការមូលនិធិអភិវឌ្ឍន៍មូលធនរបស់អង្គការសហប្រជាជាតិ (UNCDF) បានរៀបចំសិក្ខាសាលា ថ្នាក់តំបន់ ស្តីពី “ ក្របខ័ណ្ឌតាមដាន និងវាយតម្លៃសម្រាប់បរិយាបន្នហិរញ្ញវត្ថុ” និងមានសិក្ខាកាមសរុបចំនួន ៣៥ នាក់មក ពីធនាគារកណ្តាល និងក្រសួង/ស្ថាប័ននៃប្រទេសក្នុងតំបន់អាស៊ាន និងដៃគូអភិវឌ្ឍន៍មួយចំនួន ដើម្បីពិភាក្សាលើ ការរៀបចំក្របខ័ណ្ឌ តាមដាននិងវាយតម្លៃការអនុវត្តផែនការ សកម្មភាព លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់តំបន់អាស៊ាន។
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ បានមានប្រសាសន៍បើកសិក្ខាសាលានេះថា “បរិយាបន្នហិរញ្ញវត្ថុមានទំនាក់ទំនងជាមួយស្ថិរភាពហិរញ្ញវត្ថុ ហើយបច្ចុប្បន្នបានក្លាយជាកត្តាគន្លឹះមួយក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច។ ចំពោះកម្ពុជា ការណ៍នេះទាមទារនូវទិន្នន័យ និងធនធានគ្រប់គ្រាន់ សម្រាប់រៀបចំក្របខ័ណ្ឌតាមដាន និងវាយតម្លៃ ដើម្បីធានាការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ឱ្យមានប្រសិទ្ធភាពនិងទាន់ពេលវេលា”។