ព័ត៌មាន
កម្មវិធី​ដាក់​ឱ្យ​ដំណើរការ​គម្រោង​ទូទាត់​ឆ្លង​ដែន​តាម​រយៈ​ QR​ Code​ រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ថៃ​ នៅ​ទីក្រុង​បាងកក​ ព្រះរាជាណាចក្រ​ថៃ​
១៨ កុម្ភៈ ២០២០

នៅ​ថ្ងៃ​អង្គារ​ ១០​រោច​ ខែមាឃ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ និង​ឯកឧត្តម​ Veerathai​ Santiprabhob​ ទេសាភិបាល​ ធនាគារកណ្តាល​ថៃ​ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ក្នុង​កម្មវិធី​ដាក់​ឱ្យ​ដំណើរការ​គម្រោង​ទូទាត់​ឆ្លង​ដែន​តាម​រយៈ​ QR​ Code​ រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ថៃ​ នៅ​ទីក្រុង​បាងកក​ ព្រះរាជាណាចក្រ​ថៃ​។​ ការ​ដាក់​ឱ្យ​ដំណើរការ​គម្រោង​នេះ​ មាន​អត្ថប្រយោជន៍​ណាស់​សម្រាប់​លើកកម្ពស់​ការ​ទូទាត់​រូបិយ​វត្ថុ​ជាតិ​ ហើយ​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ សម្រួលការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ដែន​ និង​កំណើន​ភ្ញៀវ​ទេសចរ​ទៀត​ផង​។​  
​ចាប់ពី​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ នេះ​តទៅ​ ប្រជាជន​កម្ពុជា​ ដែល​ជា​អតិថិជន​របស់​ធនាគារ​ទំនាក់ទំនង​ ឬ​អតិថិជន​របស់​សមាជិក​ធនាគារ​ទំនាក់ទំនង​ណាមួយ​ ទៅ​កម្សាន្ត​នៅ​ប្រទេស​ថៃ​ អាច​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ថ្លៃ​ទំនិញ​ ឬ​សេវា​ ដោយ​ប្រើ​កម្មវិធី​ធនាគារ​ចល័ត​ (Mobile​ Banking​ App)​ ដើម្បី​ស្កេ​ន​ QR​ code​ ដែល​ដាក់​បង្ហាញ​នៅ​តាម​បញ្ជរ​របស់​ពាណិជ្ជករ​ទូទាត់​រាយ​នៅ​ក្នុង​ប្រទេស​ថៃ​។​ ទន្ទឹម​នោះ​ នៅ​ក្នុង​រង្វង់​ត្រីមាស​ទី​៣​ ឆ្នាំ​២០២០​ ខាង​មុខ​នេះ​ ប្រជាជន​ថៃ​ដែល​មក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា​ ក៏​អាច​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ថ្លៃ​ទំនិញ​ ឬ​សេវា​ ដោយ​ប្រើ​កម្មវិធី​ធនាគារ​ចល័ត​ (Mobile​ Banking​ App)​ ដើម្បី​ស្កេ​ន​ QR​ code​ ដែល​ដាក់​បង្ហាញ​នៅ​តាម​បញ្ជរ​របស់​ពាណិជ្ជករ​ទូទាត់​រាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ​ដែរ​។​