២០ កុម្ភៈ ២០២០
នាថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី ការដាក់ទណ្ឌកម្មខាងវិន័យផ្នែកហិរញ្ញវត្ថុ ចំពោះបុគ្គលរាយការណ៍ដែលមិនអនុវត្តតាមច្បាប់និងបទប្បញ្ញត្តិស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មដល់គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ(MDIs) ដែលមានសិក្ខាកាមសរុបចំនួន១៣៦នាក់។ សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយបង្កើនការយល់ដឹងអំពីកាតព្វកិច្ចនៃការអនុវត្តច្បាប់និងបទប្បញ្ញត្តិ ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងកាតព្វកិច្ចផ្សេងៗ ព្រមទាំងដាក់ពិន័យចំពោះគ្រឹះស្ថានទាំងឡាយណាដែលអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ពិនិត្យឃើញថាពុំបានអនុវត្តទៅតាមកាតព្វកិច្ចទាំងនេះ។ តាមរយៈសិក្ខាសាលានេះ សិក្ខាកាមទាំងអស់បានទទួលចំណេះដឹងបន្ថែមអំពីតម្រូវការនានា ដែលមានចែងនៅក្នុងច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងផលវិបាកព្រមទាំងបញ្ហាប្រឈមនានា នៅពេលមានការខកខានពុំអនុវត្តតាមតម្រូវការទាំងនេះ។