ព័ត៌មាន
កិច្ចប្រជុំ​ទ្វេភាគី​រវាង​ធនាគារកណ្តាល​ថៃ​និង​ធនាគារជាតិ​នៃ​កម្ពុជា​ នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​
១៨ កុម្ភៈ ២០២០

ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​ទ្វេភាគី​ ជាមួយ​ឯកឧត្តម​ Veerathai​ Santiprabhob​ ទេសាភិបាល​ ធនាគារកណ្តាល​ថៃ​ និង​ថ្នាក់ដឹកនាំ​ នៅ​ថ្ងៃ​អង្គារ​ ១០​រោច​ ខែមាឃ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​។​ កិច្ចប្រជុំ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ប្រចាំឆ្នាំ​ក្នុង​គោលបំណង​រឹតចំណង​មិត្តភាព​ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ធនាគារកណ្តាល​ទាំង​ពីរ​។​ កាលពី​ឆ្នាំ​កន្លង​ទៅ​ ស្ថាប័ន​ទាំង​ពីរ​បាន​បន្ត​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ ចែករំលែក​បទ​ពិសោធន៍​លើ​ការងារ​ជំនាញ​ និង​សហការ​លើ​ការ​ពង្រីក​កា​រត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​ ដូច​ជា​ ការ​ប្រើប្រាស់​ប្រព័ន្ធ​ QR​ កូដ​ សម្រាប់​ការ​ផ្ទេរ​ប្រាក់​ និង​ការ​ទូទាត់​ឆ្លង​ព្រំដែន​ជា​ប្រាក់​រៀល​និង​បាត​ថៃ​ ដែល​គាំទ្រ​ដល់​ពាណិជ្ជកម្ម​ វិនិយោគ​ និង​ការ​ផ្ទេរ​ប្រាក់​របស់​ពលករ​កម្ពុជា​ ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​។​ តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ល្អ​នេះ​ មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា​ ក៏​បាន​ទទួល​អាហារូបករណ៍​ពី​ធនាគារកណ្តាល​ថៃ​ ទៅ​សិក្សា​ថ្នាក់ឧត្តម​សិក្សា​នៅ​ប្រទេស​ថៃ​។​ ឯកឧត្តម​ ទេសាភិបាល​ទាំង​ពីរ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​នេះ​ ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​រីក​ចម្រើន​នៃ​វិស័យ​ធនាគារ​និង​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ទាំង​ពីរ​។​ ថ្នាក់ដឹកនាំ​ទាំង​ពីរ​ក៏​បាន​កំណត់​នូវ​ទិស​ដៅ​ការងារ​អាទិភាព​ សម្រាប់​សហការ​រួម​គ្នា​ដើម្បី​សម្រេច​បាន​នា​ពេល​ខាង​មុខ​ទៀត​។​