ព័ត៌មាន
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ នៅសាលសន្និសីទបាយ័ននៃវិមានរដ្ឋសភា
២៩ ឧសភា ២០២០

នារសៀលថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅសាលសន្និសីទបាយ័ននៃវិមានរដ្ឋសភា បន្ទាប់ពីមានការចាត់តាំងពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  និងការប្រគល់ភារកិច្ចពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រតិភូរាជរដ្ឋាភិបាល រួមមាន  ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងក្រុមការងារ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ជាមួយគណៈកម្មការរដ្ឋសភា ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការទី២ និងលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បន្ទាប់ពីគណៈរដ្ឋមន្រ្តីសម្រេចយល់ព្រមលើសេចក្តីព្រាងច្បាប់ទាំងពីរ ក្នុងសម័យប្រជុំពេញអង្គកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។ គណៈកម្មការ បានឯកភាពលើទម្រង់ និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់ និងសម្រេចរាយការណ៍ជូនគណៈកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភា ដើម្បីដាក់ចូលជារបៀបវារៈក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នាពេលឆាប់ៗខាងមុខនេះ។ ច្បាប់ទាំងពីរនេះមានសារៈសំខាន់ណាស់ ព្រោះជាតម្រូវការរបស់ក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force- FATF) ដែលមានកំណត់នៅក្នុងផែនការសកម្មភាព និងជាការបំពេញលក្ខខណ្ឌរបស់ក្រុមការងារហិរញ្ញវត្ថុ ដើម្បីឱ្យកម្ពុជាយើងមានប្រព័ន្ធប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។