១៧ មិថុនា ២០២០
នាព្រឹកថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅធនាគារជាតិនៃកម្ពុជា។ ឯកឧត្តម ទេសាភិបាល បានសម្តែងការស្វាគមន៍ចំពោះ ឯកឧត្តម W. Patrick Murphy ដែលបានឆ្លៀតឱកាសអញ្ជើញមកធនាគារជាតិនៃកម្ពុជា និងបានជម្រាបជូនអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា។ ផលប៉ះពាល់ដោយសារឥទ្ធិពលនៃការរីករាលដាលជំងឺកូវីដ១៩ បានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចកម្ពុជាថមថយ ជាពិសេសក្នុងវិស័យទេសចរណ៍ និងវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើង។ ទោះយ៉ាងណា វិស័យកសិកម្មនិងវិស័យធនាគារក៏នៅតែបន្តកើនឡើង។ ក្នុងវិស័យធនាគារ ធនាគារជាតិនៃកម្ពុជាក៏បានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីផ្តល់លទ្ធភាពដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មានសាច់ប្រាក់ក្នុងដៃគ្រប់គ្រាន់ និងបានលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញ ដើម្បីជួយសម្រាលការលំបាករបស់អតិថិជនដែលរងឥទ្ធិពលនៃវិបត្តិសុខភាពពិភពលោក ជំងឺកូវីដ១៩។ ឯកឧត្តម ទេសាភិបាល ក៏បានជម្រាបជូនអំពី ការពង្រឹងមូលដ្ឋានគតិយុត្តិ កាតព្វកិច្ចរបស់បុគ្គលរាយការណ៍ និងចំណេះដឹងរបស់វិស័យសាធារណៈនិងឯកជន លើការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម (AML-CFT) ហើយនាពេលថ្មីៗនេះ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ដែលគ្រោងនឹងដាក់ឱ្យអនុវត្តនាពេលឆាប់ៗនេះ។ ឯកឧត្តម ទេសាភិបាល ក៏បានលើកឡើងអំពីការវិវត្តនៃសេដ្ឋកិច្ចកម្ពុជា និងការស្តារនិងពង្រឹងប្រព័ន្ធធនាគារក្នុងរយៈពេល៤០ឆ្នាំចុងក្រោយ ក៏ដូចជាការពង្រឹងគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។
ឯកឧត្តម W. Patrick Murphy បានវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសការដាក់ចេញវិធានការក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ ក្នុងការអបអរសាទរខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិកនិងកម្ពុជា ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានរៀបចំប្រធានបទពាក់ព័ន្ធនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ទៅតាមខែនីមួយៗក្នុងឆ្នាំ២០២០ រួមមាន ១/- ខែមករា៖ កសិកម្ម ២/- ខែកុម្ភៈ៖ យុវជន ការអប់រំ និងបច្ចេកវិទ្យា ៣/- ខែមីនា៖ ស្ត្រី និងសមភាពយេនឌ័រ ៤/- ខែមេសា៖ បរិស្ថាន ៥/- ខែឧសភា៖ សុខភាពសាធារណៈ ៦/- ខែមិថុនា៖ ទំនាក់ទំនងរវាងប្រជាជន ៧/- ខែកក្កដា៖ ការប្រារព្ធខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ៨/- ខែសីហា៖ ជំនួយមនុស្សធម៌ ៩/- ខែកញ្ញា៖ ពាណិជ្ជកម្មនិងការវិនិយោគ ១០/- ខែតុលា៖ ការពង្រឹងច្បាប់ ១១/- ខែវិច្ឆិកា៖ កិច្ចសហប្រតិបត្តិការក្នុងតំបន់/អាស៊ាន និង១២/- ខែធ្នូ៖ ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទេសាភិបាល បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាមេរិក ដែលបានគាំទ្រនិងផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជា ហើយដោយឡែកនៅធនាគារជាតិនៃកម្ពុជា ជំនួយបច្ចេកទេសពីរដ្ឋាភិបាលអាមេរិកបានរួមចំណែកក្នុងការពង្រឹងការត្រួតពិនិត្យ ការវិភាគសេដ្ឋកិច្ច និងការអភិវឌ្ឍប្រព័ន្ធរាយការណ៍តាមអេឡិចត្រូនិករបស់អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (FIU)។