១៧ កក្កដា ២០២០
នាព្រឹកថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជា បានសហការជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអាជ្ញាធរក្រុងបានលុង រៀបចំសិក្ខាសាលាថ្នាក់ក្រុង ស្តីពី “វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា” នៅក្រុងបានលុង ខេត្តរតនៈគិរី។ សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដោយមានការចូលរួមពី លោក ងិន ណែល អភិបាលនៃគណៈអភិបាលក្រុងបានលុង អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុ មន្ត្រីធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរមូលដ្ឋានសរុបប្រមាណ ១០០ នាក់។ សិក្ខាសាលានេះត្រូវបានរៀបចំទ្បើងក្នុងគោលបំណងផ្សព្វផ្សាយអំពី ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងនិន្នាការថ្មីៗ របស់វិស័យធនាគារនិងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសអំពីវិធានការនានារបស់ធនាគារជាតិនៃកម្ពុជា ដែលបានដាក់ចេញកន្លងមក និងនាពេលអនាគត ដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ១៩។ នៅក្នុងសិក្ខាសាលានេះ មន្ត្រីធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ និង ផ្តល់អនុសាសន៍មួយចំនួន បន្ថែមលើវិធានការជាច្រើនរបស់ធនាគារជាតិនៃកម្ពុជា កន្លងមក រួមមាន៖ ១/- គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាជាមួយអតិថិជនប្រកបដោយភាពទន់ភ្លន់និងអនុគ្រោះ ស្របតាមស្មារតីនៃសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជាស្តីពីការរៀបចំឥណទានទ្បើងវិញ សម្រាប់គ្រប់វិស័យ ២/- អាជ្ញាធរមូលដ្ឋាន និងគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ត្រូវចូលរួមសហការយ៉ាងជិតស្និទ្ធដើម្បីទប់ស្កាត់សកម្មភាព ដែលមានចេតនាបំពុលបរិយាកាស និងញុះញង់បង្កជាបញ្ហាសង្គម និងអស្ថិរភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា និង ៣/- បន្តរក្សាអនាម័យ និងសុខភាពរបស់ខ្លួន និងក្រុមគ្រួសារ ដើម្បីជៀសផុតពីការឆ្លងជំងឺកូវីដ១៩។