ព័ត៌មាន
លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា ដឹកនាំកិច្ចប្រជុំពិភាក្សាតាមរយៈ Video Conference ជាមួយក្រុមបេសកកម្មពិគ្រោះយោបល់របស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO)
២៩ កក្កដា ២០២០

នាព្រឹកថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាតាមរយៈ Video Conference ជាមួយក្រុមបេសកកម្មពិគ្រោះយោបល់របស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដឹកនាំដោយ លោកបណ្ឌិត Seung Hyun (Luke) Hong ប្រធានក្រុមការងារបំពេញពិគ្រោះយោបល់។ កិច្ចប្រជុំពិភាក្សានេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីប្រមូលព័ត៌មាន ទិន្នន័យ និងមតិនានា សម្រាប់រៀបចំរបាយការណ៍វិភាគ និងតាមដានស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់ប្រទេសជាសមាជិកអាស៊ាន+៣។ នៅក្នុងកិច្ចពិភាក្សានេះ លោកជំទាវ ជា សិរី បានជម្រាបជូនក្រុមបេសកកម្មពីវឌ្ឍនភាពនៃសេដ្ឋកិច្ចនិងធនាគារ នៅកម្ពុជាក្នុងឆ្នាំ២០២០ ស្របពេលដែលជំងឺកូវីដ១៩ កំពុងរីករាលដាលនៅក្នុងតំបន់និងពិភពលោក និងបានបង្ហាញពីវិធានការនានារបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជាក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ និងការស្តារកំណើនសេដ្ឋកិច្ច។