០២ តុលា ២០២០
នៅថ្ងៃសុក្រ ១៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចូលរួមកិច្ចប្រជុំថ្នាក់ទេសាភិបាលធនាគារកណ្តាលអាស៊ាន លើកទី១៦ និងកិច្ចប្រជុំរួមថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី៦ តាមរយៈ videoconference ដែលត្រូវបានលើកពេលតាំងពីខែមីនា ឆ្នាំ២០២០មក ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។ កិច្ចប្រជុំទាំងពីរនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការនិងសមាហរណកម្មក្នុងវិស័យហិរញ្ញវត្ថុ សំដៅជំរុញកំណើនសេដ្ឋកិច្ច ពង្រឹងស្ថិរភាពហិរញ្ញវត្ថុ និងអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយចីរភាពនិងបរិយាបន្ន។ អង្គប្រជុំបានពិភាក្សាពីស្ថានភាពសេដ្ឋកិច្ចពិភពលោកនិងតំបន់ ដែលកំពុងប្រឈមនឹងភាពមិនប្រកដប្រជា ដោយសារតែជំងឺកូវីដ១៩ ដែលបាននិងកំពុងធ្វើឱ្យសេដ្ឋកិច្ចនៅគ្រប់ប្រទេសទទួលរងផលប៉ះពាល់យ៉ាងខ្លាំង និងភាពតានតឹងនៅក្នុងវិស័យហិរញ្ញវត្ថុ។
ឯកឧត្តម ទេសាភិបាល បានចូលរួមក្នុងការពិភាក្សាលើស្ថានភាពសេដ្ឋកិច្ចពិភពលោកនិងតំបន់ ដោយបានជម្រាបជូនអង្គប្រជុំពីស្ថានភាពសេដ្ឋកិច្ច និងវិស័យធនាគារកម្ពុជា ព្រមទាំងនយោបាយរូបិយវត្ថុនិងហិរញ្ញវត្ថុ ដែលធនាគារជាតិនៃកម្ពុជាបានដាក់ចេញ ក្នុងការរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ចនិងកាត់បន្ថយផលប៉ះពាល់នៃឥទ្ធិពលជំងឺកូវីដ១៩។ ឯកឧត្តម ទេសាភិបាល ក៏បានអបអរសាទរចំពោះវឌ្ឍនភាពនៃសមាហរណកម្មហិរញ្ញវត្ថុអាស៊ាន ទោះបីជាមានបញ្ហាប្រឈមយ៉ាងណាក៏ដោយ។ ឯកឧត្តម ទេសាភិបាល ក៏បានស្នើឱ្យគណៈកម្មាធិការជាន់ខ្ពស់អាស៊ាន (SLC) បន្តតាមដាននូវវឌ្ឍនភាពនៃសមាហរណកម្មហិរញ្ញវត្ថុអាស៊ាន និងបង្កើតគំនិតផ្តួចផ្តើមផ្សេងៗ ក្រោមគណៈកម្មាធិការអាស៊ានផ្សេងទៀត រួមមាន៖ សេរីភាវូបនីយកម្មគណនីមូលធន (CAL) សេរីភាវូបនីយកម្មសេវាហិរញ្ញវត្ថុ (FSL) សមាហរណកម្មប្រព័ន្ធទូទាត់អាស៊ាន (PSS) ការអភិវឌ្ឍទីផ្សារទុន (CMD) សមាហរណកម្មធនាគារអាស៊ាន (ABIF) បរិយាប័ន្នហិរញ្ញវត្ថុ (FINC) និងកសាងសមត្ថភាព (SCCB) ដើម្បីពន្លឿនសមាហរណកម្មហិរញ្ញវត្ថុអាស៊ាន ស្របតាមចក្ខុវិស័យសហគមន៍សេដ្ឋកិច្ចអាស៊ាន២០២៥។ ឯកឧត្តម ទេសាភិបាល ក៏បានចូលរួមឯកភាពលើគំនិតផ្តួចផ្តើមថ្មីៗ ដូចជា៖ ការចូលរួមរបស់ធនាគារកណ្តាលក្នុងការការពារបរិស្ថាននិងគ្រប់គ្រងការប្រែប្រួលអាកាសធាតុ និងការបង្កើតផ្លែតហ្វមចែករំលែកព័ត៌មានពង្រឹង Cybersecurity ជាដើម។