០៧ តុលា ២០២០
នៅថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្ដីពី កិច្ចសហប្រតិបត្តិការរវាង សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន និងវិទ្យាស្ថានធនាគារនិងហិរញ្ញវត្ថុ នៅរ៉ូសវូដ ភ្នំពេញ។ ពិធីនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ សំដៅផ្សារភ្ជាប់គម្លាតជំនាញ រវាងកម្មវិធីសិក្សារបស់សាកលវិទ្យាល័យដែលកំពុងមាន និងតម្រូវការនានានៃឧស្សាហកម្មធនាគារចំពោះសមត្ថភាពរបស់និស្សិតពេលបញ្ចប់ការសិក្សា។ ការសហការនេះនឹងតម្រែតម្រង់កម្មវិធីសិក្សារបស់សាកលវិទ្យាល័យ ក្នុងការឆ្លើយតបនឹងតម្រូវការរបស់ឧស្សាហកម្មធនាគារ តាមរយៈការសម្របសម្រួលពីវិទ្យាស្ថានធនាគារនិងហិរញ្ញវត្ថុ។ នាឱកាសនោះ លោកជំទាវ អគ្គនាយកបច្ចេកទេស បានលើកឡើងថា សម្រាប់វិស័យធនាគារ កិច្ចសហការនេះនឹងជំរុញឱ្យមានការតភ្ជាប់គម្លាត រវាងសិស្ស-និស្សិត និងតម្រូវការជាក់ស្ដែងក្នុងទីផ្សារ។ ទន្ទឹមនេះ លោកជំទាវសង្ឃឹមយ៉ាងមុតមាំនិងលើកទឹកចិត្តដល់វិស័យដទៃទៀតឱ្យមានការសហការគ្នាទៅវិញទៅមកក្នុងការតភ្ជាប់នូវតម្រូវការរបស់ស្ថាប័ននីមួយៗនិងកម្លាំងពលកម្មដែលមានស្រាប់ ដើម្បីពង្រឹងធនធានមនុស្សនៅកម្ពុជា។