០២ កញ្ញា ២០២០
នៅព្រឹកថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។ ឯកឧត្តម Pablo Kang ត្រូវបានតែងតាំងជាឯកអគ្គរាជទូតនៃប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជាកាលពីខែធ្នូ ឆ្នាំ២០១៩។ ឯកឧត្តម ទេសាភិបាល បានសម្តែងការស្វាគមន៍ចំពោះ ឯកឧត្តម Pablo Kang និងបានជម្រាបជូនអំពីប្រវត្តិនិងការរីកចម្រើនរបស់កម្ពុជា រួមទាំងនៅក្នុងវិស័យធនាគារ ហើយបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលអូស្ត្រាលីដែលបានចូលរួមចំណែកអភិវឌ្ឍកម្ពុជាតាំងពីដើមរៀងមក ដោយចាប់ផ្តើមចេញពីអង្គការមនុស្សធម៌ រហូតដល់ការចូលរួមក្នុងដំណើរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសតាមរយៈការផ្តល់អាហារូបករណ៍ផ្សេងៗជាច្រើន។ លើសពីនេះ រាជរដ្ឋាភិបាលអូស្ត្រាលីក៏បានជួយរួមចំណែកក្របខ័ណ្ឌគតិយុត្តិនៅក្នុងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងជួយពង្រឹងចំណេះដឹងហិរញ្ញវត្ថុនិងបរិយាបន្នផ្នែកហិរញ្ញវត្ថុនៅកម្ពុជាផងដែរ។ ស្ថិតក្នុងបរិការណ៍នៃការរីករាលដាលជំងឺកូវីដ១៩ ស្ថានភាពសេដ្ឋកិច្ចកម្ពុជាបានទទួលរងផលប៉ះពាល់ដូចបណ្តាប្រទេសផ្សេងៗទៀតដែរ ហើយធនាគារកណ្តាលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីកាត់បន្ថយផលប៉ះពាល់ពីជំងឺកូវីដ១៩។ នាឱកាសនោះដែរ ឯកឧត្តម ទេសាភិបាល ក៏បានជម្រាបជូនពីប្រវត្តិដុល្លារូបនីយកម្មនៅកម្ពុជា ដែលដុល្លារូបនីយកម្មនេះបានកើតមានឡើងចាប់តាំងពីអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (UNTAC) ដែលបានប្រើប្រាស់ប្រាក់ដុល្លារអាមេរិកក្នុងទីផ្សារសម្រាប់ប្រតិបត្តិការរបស់ខ្លួន។ ធនាគារជាតិនៃកម្ពុជា មានគោលជំហរក្នុងការលើកកម្ពស់ប្រាក់រៀលតាមរយៈយន្តការទីផ្សារ និងមិនមានការប្រើយន្តការរដ្ឋបាលក្នុងការធ្វើបដិដុល្លារូបនីយកម្មនោះទេ។ ឯកឧត្តម ទេសាភិបាល ក៏បានអញ្ជើញ ឯកឧត្តម Pablo Kang ធ្វើការទស្សនាសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន ដែលបានបង្ហាញពីប្រវត្តិកម្ពុជាក៏ដូចជាការវិវត្តរបស់វិស័យធនាគារនិងរូបិយវត្ថុនៅកម្ពុជាចាប់តាំងពីសតវត្សរ៍ទី១ រហូតដល់បច្ចុប្បន្ន។
ឯកឧត្តម Pablo Kang បានថ្លែងអំណរគុណចំពោះឯកឧត្តម ទេសាភិបាល ដែលបានឆ្លៀតឱកាសដ៏មមាញឹកទទួលចូលជួប ឯកឧត្តម។ ឯកឧត្តម Pablo Kang ក៏បានជម្រាបជូនទំនាក់ទំនងល្អរវាងកម្ពុជានិងអូស្ត្រាលី ព្រមទាំងបានគាំទ្រនូវអ្វីដែល ឯកឧត្តម ទេសាភិបាល បានលើកឡើងទាក់ទងនឹងតួនាទីរបស់រាជរដ្ឋាភិបាលអូស្ត្រាលីក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងវិស័យធនាគារនៅកម្ពុជា។ ក្នុងការកាត់បន្ថយផលប៉ះពាល់ពីជំងឺកូវីដ១៩ អូស្ត្រាលីបានខិតខំប្រឹងប្រែងរួមចំណែកយ៉ាងសកម្មដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីកាត់បន្ថយផលប៉ះពាល់ក៏ដូចជាកាត់បន្ថយការឆ្លងជំងឺនេះផងដែរ។ ជាមួយគ្នានេះដែរ អូស្ត្រាលីបានជួយក្នុងការបង្កើតមូលដ្ឋានទិន្នន័យអត្តសញ្ញាណប្រជាជនក្រីក្រនៅកម្ពុជា ហើយបច្ចុប្បន្នកំពុងបន្តគាំទ្រការងារបន្ថែមទៀត ដើម្បីចូលរួមជួយគាំទ្រវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ការឧបត្ថម្ភនានាដល់ប្រជាជនក្រីក្រ។ រាជរដ្ឋាភិបាលអូស្ត្រាលីនឹងបន្តគាំទ្រការរីកចម្រើនវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈសកម្មភាពការងារដែលមានស្រាប់ ជាពិសេសការអភិវឌ្ឍធនធានមនុស្ស និងបង្កើនវិសាលភាពការងារដើម្បីរួមចំណែកអភិវឌ្ឍវិស័យធនាគារនិងសេដ្ឋកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។