០៥ កញ្ញា ២០២០
នារសៀលថ្ងៃសៅរ៍ ៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជា បានរៀបចំវគ្គចែករំលែកចំណេះដឹង ស្តីពី “វឌ្ឍនភាពនៃវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា” ជូន នាយក-នាយិកា និងមន្ត្រីទទួលបន្ទុកផ្នែក Hotline នៅគ្រប់បណ្តាសាខាខេត្ត-ក្រុងទាំងអស់ របស់ធនាគារជាតិនៃកម្ពុជា។ វគ្គចែករំលែកចំណេះដឹងនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងមានសិក្ខាកាមចូលរួមសរុបប្រមាណ ៤០នាក់។ វគ្គចែករំលែកចំណេះដឹងនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ ១/- ចែករំលែក និងផ្លាស់ប្តូរចំណេះដឹងពីវឌ្ឍនភាពនៃវិស័យធនាគារនិងហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ២/- ផ្សព្វផ្សាយពីបច្ចុប្បន្នភាពការងារត្រួតពិនិត្យ និងបទប្បញ្ញត្តិសំខាន់ៗដែលបានដាក់ចេញចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ៣/- ផ្សព្វផ្សាយពីបញ្ហាប្រឈមរបស់វិស័យធនាគារ និងហិរញ្ញវត្ថុ ជាពិសេស វិស័យមីក្រូហិរញ្ញវត្ថុ ដើម្បីឱ្យមន្ត្រីសាខាទាំងអស់អាចចូលរួមចំណែកផ្តល់ព័ត៌មានត្រឹមត្រូវ និងទាន់ពេលវេលាជូនដល់ប្រជាពលរដ្ឋក្នុងតំបន់មូលដ្ឋានរបស់ខ្លួន និង៤/- ផ្សព្វផ្សាយពីវិធានការដែលធនាគារជាតិនៃកម្ពុជាបានដាក់ចេញក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីទប់ទល់ផលប៉ះពាល់ពីជំងឺកូវីដ១៩។