២៧ តុលា ២០២០
នៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា សហការជាមួយក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលព្រះមហាក្សត្រទើបឡាយព្រះហស្តលេខា ដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០កន្លងមកនេះ។ សិក្ខាសាលានេះមានសមាជិកចូលរួមចំនួន ១១០រូប មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន ២៣។ សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយ និងបង្កើនការយល់ដឹងដល់មន្ត្រីមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាពនៃការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។