១៧ កញ្ញា ២០២០
នារសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានជួបប្រជុំតាមរយៈ Video Conference ជាមួយឯកឧត្តម Veerathai Santiprabhob ទេសាភិបាល ធនាគារកណ្តាលថៃ ក្នុងឱកាសដែលឯកឧត្តម Veerathai Santiprabhob នឹងបញ្ចប់អាណត្តិជាទេសាភិបាល ធនាគារកណ្តាលថៃ នាពេលខាងមុខ។ ឯកឧត្តម ទេសាភិបាលទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការបន្តរីកចម្រើននៃកិច្ចសហការរបស់ធនាគារកណ្តាលនិងវិស័យធនាគារនៃប្រទេសទាំងពីរ ជាពិសេសការរួមចំណែករបស់ធនាគារពាណិជ្ជថៃ នៅក្នុងការអភិវឌ្ឍប្រព័ន្ធធនាគារកម្ពុជា និងការភ្ជាប់ប្រព័ន្ធធនាគារនិងការទូទាត់ ដូចជា តាមរយៈប្រព័ន្ធទូទាត់អេឡិចត្រូនិក QR កូដ ដែលគាំទ្រដល់ការវិនិយោគ, ពាណិជ្ជកម្ម, ទេសចរណ៍ និងសកម្មភាពសេដ្ឋកិច្ចនានារបស់ប្រទេសទាំងពីរ។ ឯកឧត្តម ជា ចាន់តូ បានថ្លែងអំណរគុណដល់ ឯកឧត្តម Veerathai Santiprabhob ដែលបានផ្តល់កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងបានជួយគាំទ្រធនាគារជាតិនៃកម្ពុជា ដោយបានផ្តល់អាហារូបករណ៍ដល់មន្ត្រីធនាគារជាតិនៃកម្ពុជាទៅសិក្សានៅប្រទេសថៃ និងផ្លាស់ប្តូរបទពិសោធន៍នានា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ។