ព័ត៌មាន
រៀបចំ​ “​ទិវា​ប្រាក់​រៀល​”​ ខួប​លើក​ទី​៤០​ នៃ​ការ​ដាក់​ឱ្យ​ចរាចរ​ប្រាក់​រៀល​ឡើង​វិញ​ (២០​ មីនា​ ១៩៨០​ -​ ២០​ មីនា​ ២០២០)​ នៅ​ធនាគារជាតិ​នៃ​កម្ពុជា​ អគារ​សែន​សុខ​
២១ កញ្ញា ២០២០

កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ ៤​កើត​ ខែអស្សុជ​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​.២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០២០​ធនាគារជាតិ​នៃ​កម្ពុជា​បាន​រៀបចំ​ “​ទិវា​ប្រាក់​រៀល​”​ ខួប​លើក​ទី​៤០​ នៃ​ការ​ដាក់​ឱ្យ​ចរាចរ​ប្រាក់​រៀល​ឡើង​វិញ​ (២០​ មីនា​ ១៩៨០​ -​ ២០​ មីនា​ ២០២០)​ នៅ​ធនាគារជាតិ​នៃ​កម្ពុជា​ អគារ​សែន​សុខ​ ក្រោម​អធិបតីភាព​របស់​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​។​ ក្នុង​ទិវា​ដ៏​មហោឡា​ឫក​នេះ​ ឯកឧត្តម​ ជា​ ចាន់​តូ​ បាន​ធ្វើ​បទឧទ្ទេសនាម​ស្តី​ពី​ “​ដំណើរ​ឆ្ពោះទៅ​កាន់​ប្រសិទ្ធភាព​ប្រព័ន្ធ​ធនាគារ​និង​ហិរញ្ញវត្ថុ​”​ ដើម្បី​ចែករំលែក​នូវ​ប្រវត្តិ​នៃ​ការ​អភិវឌ្ឍ​វិស័យ​ធនាគារ​និង​រូបិយ​វត្ថុ​រយៈពេល​៤០​ឆ្នាំ​មកនេះ​ ជូន​ដល់​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា​ទាំង​ស្នាក់​ការ​កណ្តាល​និង​សាខា​រាជធានី​-​ខេត្ត​ សរុប​ប្រមាណ​ ៣០០​នាក់​ ទាំង​ការ​ចូលរួម​ផ្ទាល់​នៅ​ក្នុង​សាល​ប្រជុំ​ និង​តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ​។​ ឆ្លៀត​ក្នុង​ឱកាស​នោះ​ ក៏​មានការ​ចែក​វិញ្ញាបនបត្រ​ជូន​ដល់​មន្ត្រី​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​បាន​បញ្ចប់​កម្មវិធី​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​វគ្គ​ត្រួតពិនិត្យ​ធនាគារ​តាម​រយៈ​កម្មវិធី​ NBC​ FSI​ Connect​ ព្រមទាំង​ វគ្គ​កម្មវិធី​និង​គោលនយោបាយ​ហិរញ្ញវត្ថុ​ (FPP)​ ផង​ដែរ​។​