ព័ត៌មាន
វគ្គ​បណ្តុះបណ្តាល​ ស្តី​ពី​ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​អភិវឌ្ឍន៍​សហគ្រិនភាព​ស្ត្រី​ នៅ​ខេត្តព្រះវិហារ​
២១ កញ្ញា ២០២០

នៅ​ថ្ងៃ​ចន្ទ​-​អង្គារ​ ៤-៥​កើត​ ខែអស្សុជ​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​.២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​២១-២២​ ខែកញ្ញា​ ឆ្នាំ​២០២០​ ធនាគារជាតិ​នៃ​កម្ពុជា​ សហការ​ជាមួយ​ក្រសួង​កិច្ចការ​នារី​ ដោយ​មានការ​គាំទ្រ​របស់​ក្រុមហ៊ុន​ វី​សា​ បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ ស្តី​ពី​ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​អភិវឌ្ឍន៍​សហគ្រិនភាព​ស្ត្រី​ នៅ​ខេត្តព្រះវិហារ​ ក្រោម​អធិបតីភាព​ លោក​ជំទាវ​ ច័ន្ទ​ សូ​រី​យ៍​ រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី​ និង​មានការ​ចូលរួម​ពី​ លោក​ជំទាវ​ ចឹក​ ហេង​ អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តព្រះវិហារ​ និង​ លោក​ អែម​ កំណាន់​ ប្រធាន​នាយកដ្ឋាន​គោលនយោបាយ​បទ​ប្បញ្ញត្តិ​និង​វាយតម្លៃ​ហានិភ័យ​ និង​ជា​ប្រធាន​ក្រុមការងារ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ នៃ​ធនាគារជាតិ​នៃ​កម្ពុជា​។​
​កម្ម​វី​ធី​នេះ​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​កិច្ច​សហប្រតិបត្តិការ​ និង​ភាព​ជា​ដៃគូ​ រវាង​ធនាគារជាតិ​នៃ​កម្ពុជា​ និង​ក្រសួង​កិច្ចការ​នារី​ និង​ក៏​ជា​សកម្មភាព​អាទិភាព​មួយ​ដែល​បាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​ជាតិ​ ស្តី​ពី​ បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ ឆ្នាំ​២០១៩-២០២៥​ ជា​ពិសេស​ ការ​លើកកម្ពស់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ និង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី​។​