ព័ត៌មាន
ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ អនុញ្ញាត​ឱ្យ​ លោក​ Yasuhisa​ Ojima​ តំណាង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF)​ ប្រចាំ​ប្រទេស​កម្ពុជា​បាន​ចូល​ជួប​សម្តែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​
២៣ កញ្ញា ២០២០

កាលពី​ថ្ងៃ​ពុធ​ ៦​កើត​ ខែអស្សុជ​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​.២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០២០​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​ លោក​ Yasuhisa​ Ojima​ តំណាង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF)​ ប្រចាំ​ប្រទេស​កម្ពុជា​បាន​ចូល​ជួប​សម្តែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​។​
​ឯកឧត្តម​ ជា​ ចាន់​តូ​ បាន​ជម្រាប​ជូន​ពី​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​វិស័យ​ធនាគារ​កម្ពុជា​ ក្នុង​រយៈពេល​៨​ខែ​ដើមឆ្នាំ​២០២០​ នេះ​។​ អតិផរណា​បន្ត​រក្សា​បាន​ក្នុង​កម្រិត​ទាប​ប្រមាណ​ ៣%​ ជាមួយនឹង​ស្ថិរ​ភាពល្អ​នៃ​អត្រា​ប្តូរ​ប្រាក់​។​ ទុនបម្រុង​អន្តរជាតិ​បន្ត​កើនឡើង​ និង​មាន​កម្រិត​ស្មើនឹង​ ១០​ខែ​នៃ​ការ​នាំ​ចូល​ទំនិញ​និង​សេវា​។​ ប្រព័ន្ធ​ធនាគារ​មាន​ភាពរឹងមាំ​ និង​បាន​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច​និង​ជួយ​បន្ធូរបន្ថយ​ការ​លំបាក​របស់​វិស័យ​នានា​ និង​ប្រជាជន​ដែល​ទទួល​រង​ផល​ប៉ះពាល់​ពី​ឥទ្ធិពល​នៃ​ការ​រីក​រាលដាល​ពី​ជំងឺ​កូ​វី​ដ​១៩​ ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​។​
​លោក​ Yasuhisa​ Ojima​ បាន​អបអរសាទរ​ចំពោះ​ប្រសិទ្ធភាព​នៃ​ការ​បង្ការ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ នៅ​កម្ពុជា​របស់​រាជរដ្ឋាភិបាល​។​ តំណាង​ឱ្យ​ IMF​ លោក​ក៏​បាន​គាំទ្រ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​និង​ធនាគារជាតិ​នៃ​កម្ពុជា​ ក្នុង​ការ​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ដំណាក់កាល​នេះ​ ស្រប​ពេល​ដែល​ប្រទេស​នានា​លើ​ពិភពលោក​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​និង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។​ ទន្ទឹម​នេះ​ IMF​ ក៏​បាន​ត្រៀមខ្លួន​សហការ​និង​ផ្តល់​ជា​អនុសាសន៍​ ក្នុង​ដំណើរការ​ស្តារ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ ដែល​កំពុង​តែ​ងើបឡើង​វិញ​ជា​លំដាប់​។​