២៣ កញ្ញា ២០២០
កាលពីព្រឹកថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានចូលរួមកិច្ចប្រជុំតាមរយៈ Video Conference ជាមួយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) ដែលសមាសភាពគណៈប្រតិភូរួមមាន លោក Alexander C. Feldman ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងលោក Marc Mealy អនុប្រធានជាន់ខ្ពស់គោលនយោបាយ ព្រមទាំងមានការចូលរួមពីតំណាងក្រុមហ៊ុនអាមេរិកធំៗដែលធ្វើធុរកិច្ចនៅកម្ពុជា។ កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាអំពី ការគាំទ្ររបស់វិស័យឯកជនអាមេរិកចំពោះ៖ i/- ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយភាពធូរស្បើយនៃជំងឺកូវីដ១៩ ii/-ការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា និង iii/-ការពង្រឹងការប្រើប្រាស់ប្រព័ន្ធទូទាត់ដោយមិនប្រើសាច់ប្រាក់នៅទូទាំងប្រទេស ។ ក្រុមហ៊ុនអាមេរិកដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនិងហិរញវត្ថុ ជាពិសេស៖ i/-ការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ ii/-ការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗក្នុងប្រព័ន្ធទូទាត់ iii/-ការពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សាធារណជន និង iv/-ការចូលរួមគាំទ្រដល់ដំណើរការអភិវឌ្ឍន៍ប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជា។ល។ លោកជំទាវទេសាភិបាលរង បានថ្លែងអំណរគុណចំពោះការចូលរួមក្នុងការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុនៅកម្ពុជាស្របទៅតាមការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងបានគាំទ្រចំពោះការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាក់ព័ន្ធនេះបន្ថែមទៀត។