ព័ត៌មាន
ទិវា​ប្រាក់​រៀល​ ខួប​លើក​ទី​៤០​នៃ​ការ​ដាក់​ឱ្យ​ចរាចរ​ប្រាក់​រៀល​ឡើង​វិញ​ (២០​ មីនា​ ១៩៨០​ -​ ២០​ មីនា​ ២០២០)​
២៨ កញ្ញា ២០២០

នៅ​ថ្ងៃ​ចន្ទ​ ១១​កើត​ ខែអស្សុជ​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​.២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០២០​  ធនាគារជាតិ​នៃ​កម្ពុជា​បាន​រៀបចំ​ទិវា​ប្រាក់​រៀល​ ខួប​លើក​ទី​៤០​នៃ​ការ​ដាក់​ឱ្យ​ចរាចរ​ប្រាក់​រៀល​ឡើង​វិញ​ (២០​ មីនា​ ១៩៨០​ -​ ២០​ មីនា​ ២០២០)​ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ និង​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​តំណាង​ក្រសួង​-​ស្ថាប័ន​នានា​ ក៏​ដូច​ជា​វិស័យ​ឯកជន​ប្រមាណ​ ២០០​ រូប​។​ ពិធី​អបអរសាទរ​ទិវា​ប្រាក់​រៀល​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ផង​ដែរ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ ១​ ដែល​មាន​សាធារណជន​ចូលរួម​ ប្រមាណ​ ១.៥០០​រូប​។​ កម្មវិធី​ទាំង​ពីរ​ខាងលើ​ ត្រូវ​បាន​ពន្យា​ពេល​តាំងពី​ថ្ងៃ​ទី​២០​ ខែមីនា​ ឆ្នាំ​២០២០​ ដោយសារ​ការ​បង្ការ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​។​ 
​នៅ​ក្នុង​កម្មវិធី​ទាំង​ពីរ​ខាងលើ​ អ្នកចូលរួម​ទទួល​បាន​នូវ​ព័ត៌មាន​និង​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​នៃ​រូបិយ​វត្ថុ​ជាតិខ្មែរ​ ព្រមទាំង​ការ​រីក​ចម្រើន​ប្រព័ន្ធ​ធនាគារ​និង​រូបិយ​វត្ថុ​ ក្នុង​រយៈពេល​ ៤០​ ឆ្នាំ​ចុង​ក្រោយ​នេះ​ តាម​រយៈ​សុន្ទរ​ក​ឋា​របស់​ ឯកឧត្តម​ ទេសាភិបាល​ បទ​អន្តរ​គន៍​របស់​អ្នក​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​របស់​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA)​ និង​តំណាង​ពី​វិស័យ​ឯកជន​ វី​ដេ​អូ​ខ្ញុំ​ស្រឡាញ់​ប្រាក់​រៀល​ 2.០​ និង​ វី​ដេ​អូ​ពី​ដំណើរ​ឈាន​ទៅ​ប្រសិទ្ធភាព​ប្រព័ន្ធ​ធនាគារ​និង​រូបិយ​វត្ថុ​ ដែល​ផលិត​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ ការ​តាំង​ពិ​ព័រ​ណ៌​ប្រវត្តិ​រូបិយ​វត្ថុ​ ការ​លេងល្បែង​ល្បងប្រាជ្ញា​និង​ឆ្លើយ​សំណួរ​យក​រង្វាន់​ ជាដើម​។​