០៨ តុលា ២០២០
នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារធនាគារជាតិនៃកម្ពុជា សាខាខេត្តតាកែវ ដែលត្រូវបានកសាងឡើងថ្មីជំនួសឱ្យអគារចាស់ទ្រុឌទ្រោមសល់ពីសម័យបារាំងមក។ ពិធីនេះក៏មានការអញ្ជើញចូលរួមរបស់ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ឯកឧត្តម លោកជំទាវ ប្រតិភូ ព្រមទាំងថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជាជាច្រើនទៀត។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិកម្ពុជា បានថ្លែងថា ដោយសារសុខសន្តិភាពនិងស្ថិរភាពនយោបាយ បានជួយជំរុញសេដ្ឋកិច្ចឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ទន្ទឹមនេះ សមិទ្ធផលថ្មីនេះនឹងចូលរួមកាន់តែសកម្មថែមទៀតក្នុងសកម្មភាពសេដ្ឋកិច្ច ក៏ដូចជាបម្រើជាឃ្លាំងសុវត្ថិភាពសម្រាប់រក្សាទ្រព្យសម្បត្តិរដ្ឋ គ្រប់គ្រងនិងសម្រួលចរាចរណ៍សាច់ប្រាក់ និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។ ឯកឧត្តមទេសាភិបាល ក៏បានផ្តាំផ្ញើឱ្យមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជាសាខាខេត្តតាកែវ ទាំងអស់ត្រូវបន្តអនុវត្តមុខងារ-ភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានភាពស្មោះត្រង់ រក្សាការសម្ងាត់វិជ្ជាជីវៈ ខិតខំអភិវឌ្ឍខ្លួនឯង និងបន្តស្មារតីសាមគ្គី និងសហការគ្នាល្អជាប្រពៃព្រមទាំងខិតខំយកចិត្តទុកដាក់បម្រើសេវាជូនឱ្យមន្ទីរ-អង្គភាពរដ្ឋ ធនាគារពាណិជ្ជ និងគ្រឹះស្ថានមក្រូហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព។