១៥ តុលា ២០២០
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ចូលរួមកិច្ចប្រជុំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិស្តីពីទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់ ក្នុងឱកាសនៃមហាសន្និបាតប្រចាំឆ្នាំ២០២០ របស់មូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារពិភពលោក (IMF-WB) តាមរយៈប្រព័ន្ធអនឡាញ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់ទៅលើស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បញ្ហាប្រឈម និងគោលនយោបាយឆ្លើយតបដើម្បីស្តារសេដ្ឋកិច្ចក្នុងភាពមិនច្បាស់លាស់នៅឡើយ។ ជារួម កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវបានព្យាករឡើងវិញថានឹងធា្លក់ចុះក្នុងកម្រិត -២,២% ហើយយោងតាមការការព្យាករថ្មីរបស់ IMF សេដ្ឋកិច្ចពិភពលោកមានភាពល្អជាងមុនបន្តិច ដោយអាចមានកំណើន -៤,៤% ធៀបនឹងការព្យាករគ្រាមុន -៤,៩%។ នាឱកាសនោះ ប្រទេសសមាជិកក្នុងតំបន់ក៏បានស្នើសុំឱ្យ IMF បន្តជួយគាំទ្រតាមរយៈការតាមដានស្ថានភាពសេដ្ឋកិច្ចនិងផ្តល់អនុសាសន៍ ដើម្បីគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចឡើងវិញ, ផ្តល់ហិរញ្ញប្បទានគាំទ្រសម្រាប់បង្ការនិងដោះស្រាយវិបត្តិក្នុងស្ថានភាពដែលជញ្ជីងទូទាត់ទទួលរងនូវផលប៉ះពាល់ខ្លាំង ព្រមទាំងបន្តផ្តល់ជំនួយបច្ចេកទេស និងអភិវឌ្ឍធនធានមនុស្ស។