ព័ត៌មាន
ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​-​បុគ្គលិក​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ខេត្តកំពង់ធំ​
១៦ តុលា ២០២០

នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ១៤​រោច​ ខែអស្សុជ​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​.២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០២០​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​-​បុគ្គលិក​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ខេត្តកំពង់ធំ​។​ 
​ខេត្តកំពង់ធំ​ ជា​ខេត្ត​សក្តានុពល​មួយ​ក្នុង​វិស័យ​កសិកម្ម​ ដែល​មាន​ប្រជាជន​សរុប​ប្រមាណ​ ៨០​ ម៉ឺន​នាក់​ ក្នុង​នោះ​ ៨០%​ ជា​កសិករ​។​ គ្រឹះស្ថាន​ធនាគារ​ដែល​កំពុង​ប្រតិបត្តិការ​មាន​ចំនួន​ ១០,​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ ៦​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ​ ៩​។​
​ការ​ផ្ត​ត់​ផ្គង់​និង​តម្រូវការ​សាច់ប្រាក់​សម្រាប់​សម្រួល​ដល់​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ខេត្ត​បាន​កើនឡើង​ គួរ​ឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ ២​ ទសវត្សរ៍​ចុង​ក្រោយ​នេះ​ ជា​ពិសេស​ការ​ប្រើប្រាស់​ប្រាក់​រៀល​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ ដល់​ចំនួន​ប្រហាក់ប្រហែល​នឹង​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ដែរ​។​ ជាក់ស្តែង​ ក្នុង​រយៈពេល​៩​ខែ​ ដើមឆ្នាំ​២០២០​នេះ​ តម្រូវការ​ប្រាក់​រៀល​ពី​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ខេត្តកំពង់ធំ​ មាន​ចំនួន​ ៤៤០​ ប៊ី​លាន​រៀល​ (​ប្រមាណ​១០៧​ លាន​ដុល្លារ​អា​មេ​រិ​ក​)​ ហើយ​សាខា​ ក៏​បាន​ទទួល​ប្រាក់​រៀល​ពី​អតិថិជន​ ចំនួន​ ៥១១​ ប៊ី​លាន​រៀល​ (​ប្រមាណ​ ១២៥​ លាន​ដុល្លារ​អា​មេ​រិ​ក​)​ ធៀប​នឹង​ការ​ទទួល​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ ១៣២​ លាន​ដុល្លារ​អា​មេ​រិ​ក​។​ 
​នៅ​ក្នុង​ការ​អនុវត្ត​មុខងារ​ភារកិច្ច​របស់​ខ្លួន​ សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ខេត្តកំពង់ធំ​ បាន​សម្រួល​ចរាចរណ៍​សាច់ប្រាក់​នៅ​ក្នុង​ខេត្ត​ ដោយ​ប្រសិទ្ធភាព​,​ បាន​ចូលរួម​ក្នុង​ការ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​,​ បាន​ប្តូរ​ក្រដាសប្រាក់​រៀល​ចាស់​ ទក់​ រហែក​ ដោយ​ឥត​គិតថ្លៃ​,​ បាន​ឆ្លើយ​តប​នឹង​សំណួរ​និង​បណ្តឹង​នានា​របស់​សាធារណជន​លើ​ការ​ប្រើប្រាស់​សេវា​ធនាគារ​,​ តាមដាន​ស្ថានភាព​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ និង​ចូលរួម​ក្នុង​ការ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​របស់​រាជរដ្ឋាភិបាល​។​
​ឯកឧត្តម​ ទេសាភិបាល​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​បំពេញ​មុខងារ​ភារកិច្ច​របស់​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ខេត្តកំពង់ធំ​។​ ឯកឧត្តម​ ក៏​បាន​ផ្តាំផ្ញើ​ឱ្យ​មន្ត្រី​-​បុគ្គលិក​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ខេត្តកំពង់ធំ​ទាំងអស់​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ មាន​សាមគ្គីភាព​ ភាព​ស្មោះត្រង់​ និង​រក្សា​ការ​សម្ងាត់​វិជ្ជាជីវៈ​ ដើម្បី​បន្ត​បម្រើ​និង​ផ្តល់​សេវា​ដល់​សាធារណជន​ ព្រមទាំង​បន្ត​សហការ​ល្អ​ជាមួយ​មន្ទីរ​ អង្គភាព​ ស្ថាប័ន​ សាធារណៈ​និង​ឯកជន​ ដើម្បី​រួមចំណែក​គាំទ្រ​និង​ជំរុញ​ដល់​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ក្នុង​តំបន់​ ដែល​កើនឡើង​ឥត​ឈប់​ឈរ​។​ ទន្ទឹម​នេះ​ ឯកឧត្តម​ ក៏​បាន​លើកទឹកចិត្ត​ឱ្យ​មន្ត្រី​-​បុគ្គលិក​បន្ត​ខិតខំ​សិក្សា​ស្រាវជ្រាវ​ អភិវឌ្ឍ​ចំណេះដឹង​និង​ជំនាញ​។​ ក្នុង​ពេល​ដែល​ជំងឺ​កូ​វី​ដ​១៩​ មិន​ទាន់​មាន​ថ្នាំ​បង្ការ​នៅឡើយ​ ឯកឧត្តម​ ក៏​បាន​ផ្តាំផ្ញើ​ឱ្យ​មន្ត្រី​-​បុគ្គលិក​ ត្រូវ​បន្ត​ថែរក្សា​សុខភាព​ និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​។​