ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា សូមចូលរួមអបអរសាទរទិវាសន្សំអាស៊ាន (ASEAN Savings Day)
៣០ តុលា ២០២០

ធនាគារជាតិនៃកម្ពុជា សូមចូលរួមអបអរសាទរទិវាសន្សំអាស៊ាន (ASEAN Savings Day) នៅថ្ងៃសៅរ៍ ១៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។ ទិវាសន្សំអាស៊ានដែលនឹងប្រព្រឹត្តរៀងរាល់ឆ្នាំនៅថ្ងៃទី៣១ ខែតុលា ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈចំពោះសារៈសំខាន់នៃការសន្សំប្រាក់ ដែលស្របទៅនឹងការខិតខំរបស់ប្រទេសដែលជាសមាជិកអាស៊ានក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុង​តំបន់​អាស៊ាន​ និង​នៅ​តាម​ប្រទេស​ជា​សមាជិក​អាស៊ាន​នីមួយ​ៗ​ ដែលជាការងារអាទិភាពមួយដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់។ ការសន្សំពិតជាមានសារៈសំខាន់សម្រាប់បំពេញតម្រូវការចាំបាច់និងស្ថានភាពបន្ទាន់នៅពេលអនាគត លើសពីនេះ ទិវាសន្សំអាស៊ាន ក៏នឹងអាចជួយបង្កើនវប្បធម៌សន្សំ ដែលនឹងជួយដល់ការកៀរគរប្រាក់សន្សំ និងការគ្រប់គ្រងហិរញ្ញវត្ថុកាន់តែមានភាពប្រសើរឡើង។ ប្រទេសកម្ពុជា ក៏ដូចជាប្រទេសជាសមាជិកក្នុងតំបន់ បាននិងកំពុងជំរុញ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដោយបានរៀបចំជាយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥។