១៩ វិចិ្ឆកា ២០២០
នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១២:១០នាទី អធ្រាត្រ ម៉ោងនៅកម្ពុជា (ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៩:១០ នាទីព្រឹក ម៉ោងនៅរដ្ឋ San Francisco សហរដ្ឋអាមរិក) លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា នឹងអញ្ជើញចូលរួមសន្និសីទស្តីពី ធនាគារកណ្តាលនាអនាគត "Central Bank of the Future" ដែលសហការរៀបចំដោយធនាគារកណ្ដាល San Francisco និងសាកលវិទ្យាល័យផ្នែកហិរញ្ញវត្ថុ ច្បាប់ និងគោលនយោបាយនៃមជ្ឈមណ្ឌល Michigan និងគាំទ្រដោយមូលនិធិ Bill & Melinda Gates។ កម្មវិធីនេះនឹងធ្វើឡើងតាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារកណ្ដាលមួយចំនួនលើសកលលោក សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យល្បីៗ អ្នកស្រាវជ្រាវ អ្នកជំនាញផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ និងមូលនិធិនានាជាច្រើនទៀត។ កម្មវិធីនេះនឹងផ្តល់ជាវេទិកាដើម្បីពិភាក្សានិងផ្លាស់ប្ដូរយោបល់រវាងវាគ្មិនល្បីៗ ក្នុងការរិះរកវិធីដែលធនាគារកណ្ដាលអាចបង្កើតនូវបរិយាបន្នសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងពិនិត្យលើប្រធានបទ “តើមុខងារទាំង៣ របស់ធនាគារកណ្ដាលអាចវិវត្តយ៉ាងដូចម្ដេច ដើម្បីបង្កើតប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន?"។ នៅក្នុងឱកាសនោះដែរ លោកជំទាវ ជា សិរី នឹងថ្លែងសន្ទរកថាគន្លឹះ ស្ដីពី “ការវិវត្តនៃតួនាទីរបស់ធនាគារកណ្ដាល ទាក់ទងទៅនឹងរូបិយវត្ថុ ទិន្នន័យ សន្តិសុខបច្ចេកវិទ្យា និងការត្រួតពិនិត្យ”។
លោកអ្នកអាចចូលរួមទស្សនាការផ្សាយផ្ទាល់កម្មវិធីនេះ តាមរយៈ https://www.youtube.com/c/fordschool