ព័ត៌មាន
លោក​ជំទាវ​ ជា​ សិរី​ នឹង​អញ្ជើញ​ចូលរួម​វេទិកា​គោលនយោបាយ​ Blockchain​ ពិភពលោក​ ប្រចាំឆ្នាំ​២០២០​ នៅ​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ ៧:២៥​ នាទី​
១៦ វិចិ្ឆកា ២០២០

នៅ​ល្ងាច​ ថ្ងៃ​ចន្ទ​ ១​កើត​ ខែ​មិគសិរ​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​.២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ ៧:២៥​ នាទី​ លោក​ជំទាវ​ ជា​ សិរី​ ឧបការី​ទេសាភិបាល​ និង​ជា​អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ នឹង​អញ្ជើញ​ចូលរួម​វេទិកា​គោលនយោបាយ​ Blockchain​ ពិភពលោក​ ប្រចាំឆ្នាំ​២០២០​ ដែល​រៀបចំ​ដោយ​អង្គការ​ដើម្បី​អភិវឌ្ឍន៍​និង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ តាម​ប្រព័ន្ធ​អន​ឡាញ​។​ វេទិកា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ពិភាក្សា​និង​ផ្លាស់​ប្ដូរ​យោបល់​អំពី​ ១/-​គោលនយោបាយ​នានា​ពាក់ព័ន្ធ​នឹង​ប​ច្ចក​វិទ្យា​ Blockchain​ និង​ Distributed​ Ledger​ ២/-​រូបិយប័ណ្ណ​ឌី​ជី​ថ​ល​ ៣/-​អត្តសញ្ញាណ​ឌី​ជី​ថ​ល​ ៤/-Asset​ tokenization​ និង​ ៥/-​ការ​ប្រសព្វ​រវាង​បច្ចេកវិទ្យា​ Blockchain​ និង​បច្ចេកវិទ្យា​ថ្មីៗ​ ដូច​ជា​ បញ្ញា​សប្ប​និម្មិត​ បណ្ដាញ​អ៊ី​ន​ធើ​ណេ​តនៃ​សម្ភារ​ (Internet​ of​ things:​ កា​រត​ភ្ជាប់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ក្នុង​វត្ថុ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​សម្រាប់​បញ្ជូន​និង​ទទួល​ទិន្នន័យ​)​។​ ឆ្លៀត​ក្នុង​ឱកាស​នោះ​ លោក​ជំទាវ​ ឧបការី​ទេសាភិបាល​នឹង​អញ្ជើញ​ធ្វើ​បទ​អន្តរាគមន៍​តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ​ សម្រាប់​ប្រធានបទ​ ស្ដី​ពី​ “​រូបិយប័ណ្ណ​ក្នុង​សតវត្សរ៍​ទី​២១៖​ តើ​រូបិយប័ណ្ណ​ឌី​ជី​ថ​ល​និង​ Global​ stablecoins​ មាន​តួនាទី​ដូច​ម្ដេច​?”​។​

​វេទិកា​នេះ​ក៏​មានការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ ថ្នាក់ដឹកនាំ​នៃ​ធនាគារកណ្ដាល​ នា​បណ្តា​ប្រទេស​អភិវឌ្ឍន៍​និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដទៃ​ទៀត​ អ្ម​ក​ជំនាញ​ បញ្ញវន្ត​ ក៏​ដូច​ជា​ក្រុមហ៊ុន​អន្តរជាតិ​នៅ​ក្នុង​វិស័យ​រូបិយប័ណ្ណ​ឌី​ជី​ថ​ល​នេះ​ផង​ដែរ​។​

​សូម​ចុះ​ឈ្មោះ​ចូលរួម​តាម​រយៈ​ https://oecd-events.org/blockchainforum