០៩ ធ្នូ ២០២០
នៅថ្ងៃពុធ ៩រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១២: ៤០ នាទី រសៀល លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា នឹងអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាជាន់ខ្ពស់ Impact Summit ក្នុងកម្មវិធីបច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរីលើកទី៥ ឆ្នាំ២០២០ ដែលរៀបចំឡើងដោយអាជ្ញាធររូបិយវត្ថុសិង្ហបុរី។ ក្នុងឱកាសនោះ លោកជំទាវនឹងចូលរួមធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សា ក្រោមប្រធានបទ “មូលដ្ឋានគ្រឹះនៃទំនុកចិត្ត៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធថ្នាក់ជាតិឌីជីថល” តាមរយៈប្រព័ន្ធអនឡាញជាមួយបណ្ដាវាគ្មិនផ្សេងៗទៀតមកពីធនាគារទូទាត់អន្តរជាតិ (BIS) និងតំណាងមកពីក្រុមហ៊ុន SETU។ ចំណុចសំខាន់ៗដែលនឹងត្រូវលើកយកមកពិភាក្សារួមមាន៖ i/- ទស្សនៈវិស័យក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ii/- សកម្មភាពសំខាន់ៗដែលត្រូវអនុវត្តក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល, iii/- ការរក្សាតុល្យភាពរវាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនិងសេដ្ឋកិច្ចឌីជីថល និង iv/- វិធានការរដ្ឋាភិបាលលើចំណុចពាក់ព័ន្ធនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនេះ។