០៩ ធ្នូ ២០២០
នៅថ្ងៃពុធ ៩រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ គណៈប្រតិភូធនាគារជាតិនៃកម្ពុជា ដែលដឹកនាំដោយឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងគណៈប្រតិភូធនាគាររដ្ឋវៀតណាម ដែលដឹកនាំដោយលោកជំទាវ Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាម បានជួបប្រជុំទ្វេភាគី តាមរយៈប្រព័ន្ធអនឡាញ។ ជារៀងរាល់ឆ្នាំ ជំនួបទ្វេភាគីរវាងធនាគារកណ្តាលទាំងពីរ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពរវាងធនាគារកណ្តាលទាំងពីរ។ កិច្ចប្រជុំបានប្រព្រឹត្តទៅប្រកបដោយជោគជ័យនិងផ្លែផ្កា ដោយថ្នាក់ដឹកនាំធនាគារកណ្តាលទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់លើស្ថានភាពសេដ្ឋកិច្ចនិងធនាគារនៃប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងធនាគារកណ្តាលទាំងពីរ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើននៃវិស័យធនាគារនិងសេដ្ឋកិច្ចក្នុងប្រទេសទាំងពីរ។ អង្គប្រជុំបានកំណត់ទិសដៅការងារអាទិភាព និងបន្តកិច្ចសហប្រតិបត្តិការក្រោមអនុស្សរណយោគយល់ដែលបានធ្វើបច្ចុប្បន្នកម្មកាលពីខែកុម្ភៈ ឆ្នាំ២០១៧ និងបង្កើនវិសាលភាពលើការផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានទៅវិញទៅមក ពង្រឹងកិច្ចសហការលើការងាររួមគ្នា ដូចជាទៅលើការត្រួតពិនិត្យលើធនាគារដែលមានប្រតិបត្តិការឆ្លងដែននៅក្នុងប្រទេសទាំងពីរ និងការអភិវឌ្ឍការតភ្ជាប់ប្រព័ន្ធទូទាត់ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស។ ធនាគាររដ្ឋវៀតណាមបានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈការរក្សាបាននូវស្ថិរភាពថ្លៃនិងអត្រាប្តូរប្រាក់និងពង្រឹងស្ថិរភាពប្រព័ន្ធធនាគារយ៉ាងរឹងមាំ ព្រមទាំងអាចគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ បានយ៉ាងល្អ។ ឯកឧត្តម ជា ចាន់តូ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាម ដែលបានបន្តផ្តល់អាហារូបករណ៍តាមរយៈធនាគាររដ្ឋវៀតណាមដល់មន្ត្រីធនាគារជាតិនៃកម្ពុជាសម្រាប់ការសិក្សាថ្នាក់អនុបណ្ឌិតនិងបណ្ឌិតនៅប្រទេសវៀតណាមថែមទៀតផងដែរ។