ព័ត៌មាន
លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា ត្រូវបានបោះឆ្នោតជ្រើសរើសដោយសាធារណជនតាមប្រព័ន្ធអនឡាញ ជាបុគ្គល ដែលបានជំរុញឱ្យមាននវានុវត្តភាពនិងជា game-changer ក្នុងផ្នែកទូទាត់។
០៩ ធ្នូ ២០២០

ធនាគារជាតិនៃកម្ពុជាមានមោទនភាពយ៉ាងខ្លាំងដែលថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជាមួយរូបទទួលបានពានរង្វាន់ “ប្រព័ន្ធទូទាត់នាពេលអនាគត” ពីវិទ្យាស្ថានធនាគារប៊ុយដាប៉ែស។ លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា ត្រូវបានបោះឆ្នោតជ្រើសរើសដោយសាធារណជនតាមប្រព័ន្ធអនឡាញ ជាបុគ្គល ដែលបានជំរុញឱ្យមាននវានុវត្តភាពនិងជា game-changer ក្នុងផ្នែកទូទាត់។ ជាក់ស្តែង ក្រោមគំនិតផ្តួចផ្តើមរបស់លោកជំទាវផ្ទាល់ ប្រព័ន្ធទូទាត់បាគងដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆែនត្រូវបានអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។ ប្រព័ន្ធបាគងនេះប្រៀបដូចជាឆ្អឹងខ្នងនៃប្រព័ន្ធទូទាត់ ដែលអាចឱ្យអតិថិជនធ្វើប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិកបានភ្លាមៗ ដូចជា ការទូទាត់ ផ្ទេរប្រាក់ ដាក់ប្រាក់ និងដកប្រាក់ កាន់តែមានភាពងាយស្រួល ឆាប់រហ័ស កាត់បន្ថយចំណាយថ្លៃប្រតិបត្តិការ និងមានសុវត្ថិភាពខ្ពស់ ជាពិសេសក្នុងបរិការណ៍ប្រទេសកំពុងទទួលរងវិបត្តិកូវីដ១៩ ដែលបានធ្វើឱ្យតម្រូវការទូទាត់អេឡិចត្រូនិកកំពុងមានការកើនឡើង។ ការដាក់ឱ្យដំណើរការប្រព័ន្ធបាគង គឺជាជោគជ័យថ្មីមួយទៀតដែលធនាគារជាតិនៃកម្ពុជាសម្រេចបានក្នុងការធ្វើទំនើបកម្មប្រព័ន្ធទូទាត់  ដែលឆ្លើយតបទៅនឹងការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន ព្រមទាំងរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលស្របតាមបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិបទសេដ្ឋកិច្ចឌីជីថលក្នុងតំបន់។ 
គួរបញ្ជាក់ថា បេក្ខភាពដែលចូលរួមក្នុងការបោះឆ្នោតនេះ រួមមានលោកជំទាវ ជា សិរី លោក Jack Ma ប្រធានក្រុមហ៊ុនអាលីបាបារបស់ប្រទេសចិន និងលោក Meidad Sharon នាយកប្រតិបត្តិក្រុមហ៊ុនហិរញ្ញវត្ថុ ChrageAfter របស់សហរដ្ឋអាមេរិក។ ក្រៅពីនេះ ក៏មានក្រុមហ៊ុននិងបញ្ញត្តិករក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលបានឈ្នះពានរង្វាន់ផងដែរ។