២៦ មករា ២០២១
នៅថ្ងៃអង្គារ ១៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជាសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំនៅកម្ពុជា (KOICA) បានដាក់ឱ្យដំណើរការជាផ្លូវការ “ប្រព័ន្ធរីធែលផេ” ក្រោមអធិបតីភាព លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ព្រមទាំង មានការចូលរួមពីនាយក KOICA ប្រចាំនៅកម្ពុជានិងសហការី ប្រធានសមាគមធនាគារនៅកម្ពុជា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងតំណាងគ្រឹះស្ថានជាសមាជិកប្រព័ន្ធរីធែលផេសរុបប្រមាណ ១០៥រូប។ ប្រព័ន្ធរីធែលផេត្រូវបានអភិវឌ្ឍឡើងក្រោមជំនួយរបស់រដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េតាមរយៈទីភ្នាក់ងារ KOICA ដើម្បីរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា។ ការដាក់ឱ្យដំណើរការប្រព័ន្ធនេះជាផ្នែកមួយនៃការធ្វើទំនើបកម្មប្រព័ន្ធទូទាត់នៅកម្ពុជា ដែលនឹងរួមចំណែកលើកកម្ពស់ការទូទាត់ជាអេឡិចត្រូនិកឆ្លងគ្រឹះស្ថានឱ្យកាន់តែមានសុវត្ថិភាព ប្រសិទ្ធភាព និងភាពងាយស្រួល ឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ ទន្ទឹមនោះ ប្រព័ន្ធរីធែលផេក៏នឹងក្លាយជាសមិទ្ធផលមួយដែលឆ្លុះបញ្ចាំង និងរឹតបន្តឹងទំនាក់ទំនងដ៏ល្អរវាងប្រទេសកម្ពុជានិងសាធារណៈរដ្ឋកូរ៉េ។