១២ មករា ២០២១
កាលពីថ្ងៃអង្គារ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Asad Yaqub តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំនៅកម្ពុជា និង លោក Sokim Mel អ្នកជំនាញជាន់ខ្ពស់នៃវិស័យហិរញ្ញវត្ថុរបស់ IFC នៅកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារនៅធនាគារជាតិនៃកម្ពុជា។ នៅក្នុងកិច្ចប្រជុំនេះ តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បានលើកឡើងអំពីការគាំទ្ររបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ទៅលើ វិស័យធនាគារនិងធានារ៉ាប់រងនៅកម្ពុជា ព្រមទាំងបានកោតសរសើរចំពោះធនាគារជាតិនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងទំនុកចិត្តវិនិយោគិនបរទេសទៅលើ វិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា។ លោកជំទាវ ទេសាភិបាលរង ក៏បានថ្លែងអំណរគុណចំពោះសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ដែលបាននិងកំពុងគាំទ្រដល់កម្ពុជា ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ជាពិសេសការបន្តកិច្ចសហប្រតិបត្តិការជាមួយធនាគារជាតិនៃកម្ពុជាក្នុងការពង្រឹងបរិយាបន្នហិរញ្ញវត្ថុ កិច្ចគាំពារអតិថិជន និងការស្វែងយល់អំពីយន្តការស្វប់ (SWAP) តាមរយៈការផ្តល់ការប្រឹក្សាយោបល់ជាមួយមន្ត្រីជំនាញនៃធនាគារជាតិនៃកម្ពុជា ជាដើម។